ក្រុមហ៊ុន Video-streaming យក្ស Netflix បានរាយការណ៍ពីការធ្លាក់ចុះនៃកំណើនអតិថិជន ដែលបណ្តាលឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ។
យោងតាមរបាយការណ៍នោះបានឲ្យដឹងថា មានអ្នកប្រើប្រាស់ប្រមាណ ៣,៩៨ លាននាក់បានចុះឈ្មោះលើ Netflix នៅចន្លោះខែមករា និងមីនា តិចជាងគម្រោងដែលបានគ្រោងទុកចំនួន ៦ លាននាក់។
ក្រុមហ៊ុនខាងលើបាននិយាយថា កង្វះនៃខ្សែភាពយន្តថ្មី អាចរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ ដោយបន្ថែមថា ខ្លួនរំពឹងថានឹងងើបឡើងវិញ នៅពេលដែលកម្មវិធីថ្មីត្រូវបានចាក់ផ្សាយបន្ត។
ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះ ១១% (after-hours trading) មកនៅត្រឹម ៤៨៩,២៨ ដុល្លារដោយធ្វើឲ្យខាតបង់ ២៥ ពាន់លានដុល្លារពីមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Netflix ទទួលបានអតិថិជនថ្មីចំនួន ១៥,៨ លាននាក់កាលពីឆ្នាំមុន ដោយសារតែស្ថានភាពជំងឺកូវីដ១៩ បានបង្ខំឲ្យមនុស្សនៅជុំវិញពិភពលោក ស្នាក់នៅក្នុងផ្ទះ៕