Netflix ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧ ដោយលោក Reed Hastings និង Marc Randolph នៅ Scotts Valley រដ្ឋ California សហរដ្ឋអាមេរិក។

ដើមហេតុនៃការបង្កើត Netflix ក៏ព្រោះតែលោក Reed Hastings បានរងការផាកពិន័យ ៤០ដុល្លារ ក្រោយប្រគល់នូវ DVD ហួសពេលកំណត់។ មូលហេតុនេះហើយ ទើបធ្វើឲ្យលោកបបួល Marc Randolph មកបង្កើតសេវាកម្មជួល DVD អនឡាញឈ្មោះថា Kibble ក្រោយមកទើបប្តូរទៅជា Netflix។

នៅឆ្នាំនោះការជួល និងទិញ DVD មានការពេញនិយមខ្លាំង ប៉ុន្តែសម្រាប់អាជីវកម្មពួកគេបែរជាជួបរឿងមិនសមប្រកដោយសារតែពេលវេលានៃការដឹកជញ្ជូន ដែលត្រូវចំណាយពេលដល់ទៅ ៤ថ្ងៃ ទើបទៅដល់ដៃអតិថិជន ពោលគឺយូរជាងពួកគេទៅទិញ និងជួលដល់ហាងផ្ទាល់ទៀត។ នេះជាបញ្ហាចម្បងមួយសម្រាប់ Netflix ព្រោះអ្នកដែលមានទំនោរចង់សាកល្បងក៏មិនមានច្រើន រីឯអត្រាអ្នកជួលម្តងទៀតក៏នៅមានកម្រិតទាប។

នៅឆ្នាំ ១៩៩៨ ដើម្បីដោះស្រាយបញ្ហាលោក Reed និង Marc បានបង្កើតឡើងនូវ Netflix.com មានជាង ៩០០រឿង នៅក្នុងគេហទំព័រថ្មីមួយនេះ។ លឿនរហ័ស និងមានភាពងាយស្រួលជាងមុន ដោយគ្រាន់តែចូលគេហទំព័រ ជ្រើសរើសរឿងដែលចង់ជួល នោះនឹងត្រូវផ្ញើជូនតាមរយៈប្រអប់សារភ្លាមៗ។ ជាពិសេសនោះ គឺមិនមានការផាកពិន័យ ក្នុងការបង់ប្រាក់យឺតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្តល់ជូន បទពិសោធន៍ថ្មីដល់អ្នកគាំទ្រ Netflix ក៏បានបញ្ចូលនូវប្រព័ន្ធណែនាំភាពយន្តថ្មីៗ និងរឿងពេញនិយមផ្សេងៗទៀតផងដែរ។

ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Netflix បានបញ្ចេញនូវបច្ចេកវិទ្យាស្រ្ទីមដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទស្សនាភាពយន្ត និងកម្មវិធីអនឡាញបានភ្លាមៗ។ ចំណែកនៅឆ្នាំ ២០១០ Netflix App ដែលយើងស្គាល់សព្វថ្ងៃនេះត្រូវបានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។ កត្តានេះហើយ គឺជាការផ្លាស់ប្តូរដ៏ធំមួយរបស់ Netflix ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះ កាន់តែមានភាពរឹងមាំក្នុងឧស្សាហកម្មកម្សាន្ត ព្រមទាំងទទួលបានពានរង្វាន់កម្មវិធីល្អបំផុតពី Academy Awards និង Emmys Awards។

គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Netflix មានអ្នកប្រើប្រាស់ដល់ទៅប្រមាណ ៣០១ លាននាក់នៅទូទាំងពិភពលោក។ ឆ្លងកាត់តាមរយៈព័ត៌មានខាងលើនេះបានបង្ហាញថា ពេលខ្លះក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែចេះផ្លាស់ប្តូរតាមកាលៈទេសៈ យកបញ្ហាដែលកើតឡើងមកស្វែងរកដំណោះស្រាយ បង្កើតទៅជាឱកាសមួយ ដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពប្រសើរឡើងជាងមុន។

 
		


