ក្រុមហ៊ុន Amazon បានបើកដំណើរការហាងសាឡន high-tech hair salon ថ្មី ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការឈានជើងចូលក្នុងវិស័យសម្រស់នេះ។
ហាងសាឡនដែលស្ថិតនៅឯ Spitalfields ភាគខាងលិចទីក្រុង London នេះ មានកញ្ចក់ AR ដែលបង្ហាញអតិថិជនពីពណ៌ និងម៉ូដខុសៗគ្នា មុនពេលសម្រេចចិត្តធ្វើសក់។ មិនតែប៉ុណ្ណោះ ហាងក៏នឹងមានថេប្លេតសម្រាប់ឲ្យភ្ញៀវឆែកមើលព័ត៌មាន ឬការកម្សាន្តផ្សេងៗទៀតផង។
ហាងសាឡនរបស់ Amazon នោះ នឹងផ្តល់សេវាកម្មជាច្រើន រួមមាន កាត់, ផ្លុំសក់ និង លាបពណ៌សក់ ផងដែរ។ ហាងនេះនឹងប្រើបុគ្គលិកកាត់សក់មកពីហាងថែរក្សាសម្ផស្ស Neville Hair & Beauty ដែលមានឈ្មោះល្បីនៅទីក្រុង London។
ជាមួយគ្នានេះដែរ អតិថិជនក៏អាចស្កេន QR Code សម្រាប់ផលិតផលសក់ និងទិញតាមក្រុមហ៊ុន Amazon ទៀតផង។ បុគ្គលិកក្រុមហ៊ុន Amazon នឹងក្លាយជាអ្នកដំបូង ដែលធ្វើការសាកល្បង មុនពេលវាបើកជាសាធារណៈនៅពីរបីសប្តាហ៍ខាងមុខ៕