លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Honda Motor Co មានបំណងបង្កើនចំនួនយានយន្តអគ្គិសនី ដល់ ១០០% នៃការលក់ទាំងអស់ នៅឆ្នាំ ២០៤០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីបានកាន់តំណែងជាប្រធានក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី ២ របស់ជប៉ុន កាលពីដើមខែមេសា លោក Mibe បាននិយាយថា ក្រុមហ៊ុនបានគាំទ្រគោលដៅបៃតងរបស់រដ្ឋាភិបាល។
“ខ្ញុំជឿជាក់ថា វាគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីសម្រេចគោលដៅគ្មានកាបូន (carbon-free goal) របស់យើង”។ នេះបើតាមសម្តីលោក Mibe។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនខាងលើរំពឹងថា រថយន្តអគ្គីសនីនឹងមានចំនួន ៤០% នៃការលក់នៅឆ្នាំ ២០៣០ និង ៨០% នៅឆ្នាំ ២០៣៥ នៅតាមទីផ្សារធំៗទាំងអស់ រួមទាំងអាមេរិកខាងជើង និងចិន។
ការប្រកាសរបស់ក្រុមហ៊ុន Honda អំពីយុទ្ធសាស្ត្រអគ្គិសនីរបស់ខ្លួន កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Yoshihide Suga បានប្តេជ្ញាថា ប្រទេសជប៉ុននឹងមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល ចំនួន ៤៦% នៅត្រឹមឆ្នាំ ២០៣០ និងស្វែងរកមធ្យោបាយដើម្បីបន្តទៅមុខទៀត ដែលស្ទើរតែស្មើនឹងទ្វេដងពីគោលដៅមុនរបស់ខ្លួន៕