កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា កន្លងទៅនេះ មហាសេដ្ឋី Elon Musk បានផ្តល់ប្រាក់រង្វាន់ដល់អ្នកច្នៃប្រឌិតចំនួន ១០០ លានដុល្លារ ដើម្បីអភិវឌ្ឍវិធីប្រយុទ្ធប្រឆាំងនឹងកំដៅផែនដី ដោយយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស ឬមហាសមុទ្រ។
លោក Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានមានប្រសាសន៍ថា “ឥឡូវនេះយើងមានតែភពមួយប៉ុណ្ណោះ។ ទោះបីជាមានគ្រោះមហន្តរាយ ០.១ ភាគរយក៏ដោយ ហេតុអ្វីយើងត្រូវប្រថុយនឹងគ្រោះថ្នាក់នេះ?”។
គួរឲ្យដឹងដែរថា កាលពីខែមករា លោក Musk បានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការផ្តល់រង្វាន់ចំនួន ១០០ លានដុល្លារអាមេរិក និងបានដាក់ចេញនូវច្បាប់នៃការប្រកួត នៅថ្ងៃទិវាផែនដី (Earth Day) ទៀតផង។
ការយកចេញ និងផ្ទុកកាបូននេះ បានទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង នៅពេលអាកាសធាតុក្តៅបានរលាយផ្ទាំងទឹកកក, ព្យុះត្រូពិកកាន់តែខ្លាំង និងបណ្តាលឲ្យមានទឹកជំនន់នៅពេលថ្ងៃមានពន្លឺថ្ងៃ (sunny day flooding) នៃតំបន់ឆ្នេរសមុទ្រកាន់តែច្រើនឡើងៗ។
ខណៈពេលដែលបណ្តាប្រទេសកំពុងធ្វើការកាត់បន្ថយការបំភាយឧស្ម័នពុល អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចេកវិទ្យាដកយកកាបូនក៏នឹងមានសារៈសំខាន់ផងដែរ ចំពោះគោលដៅគ្មានការបំភាយឧស្ម័នពុល នៅត្រឹមឆ្នាំ ២០៥០ នេះ៕