ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីវិជ្ជមានកូវីដ១៩ ដែលមានចំនួនខ្ពស់បំផុត ៥ ថ្ងៃជាប់គ្នា កាលពីថ្ងៃច័ន្ទខណៈចំនួនអ្នកស្លាប់ផ្លូវការ ក៏បានកើនឡើងផងដែរ។
ទិន្នន័យផ្លូវការបានបង្ហាញថា ឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៥២ ៩៩១ ក្នុងរយៈពេល ២៤ ម៉ោងខណៈចំនួនឆ្លងសរុបបានកើនឡើងដល់ ១៧ លាននាក់ហើយ។
ក្នុងនោះដែរ យ៉ាងហោចណាស់មនុស្ស ២ ៨១២ នាក់បានស្លាប់ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ជាង ១៩៥ ០០០ នាក់នៅទូទាំងប្រទេស។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រឈមមុខនឹងការរិះគន់ ដែលអនុញ្ញាតឲ្យមានមនុស្សជាច្រើនប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសាសនា និងការប្រមូលផ្តុំគ្នាបោះឆ្នោតនៅតាមតំបន់ផ្សេងៗនៃប្រទេសនៅឆ្នាំនេះ។ មុនរលកទីពីរ ឥណ្ឌាមានករណីឆ្លងជាមធ្យមប្រហែល ១០ ០០០ ករណីក្នុងមួយថ្ងៃប៉ុណ្ណោះ៕