ក្រុមហ៊ុនឥណ្ឌាមួយគ្រោងនឹងវិនិយោគលុយចំនួន ១០ ទៅ ១២ ពាន់លានដុល្លារ ក្នុងការសាងសង់សួនឧស្សាហកម្មឱសថនៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម។
មជ្ឈមណ្ឌលដែលមានទំហំផ្ទៃដី ៩៦០ ហិកតា នៅក្នុងស្រុក Gia Loc, Thanh Mieng និង Binh Giang ដែលជាប់នឹងផ្លូវ Hanoi – Hai Phong Expressway នោះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនឱសថ SMS Pharmaceutical Group របស់ឥណ្ឌា។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hyderabad ខាងលើ នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុនសាងសង់ឥណ្ឌា Sri Avantika Contractors Ltd និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Dai An Urban & Industrial Zone Development លើគម្រោងមួយនេះ។
គួរឲ្យដឹងថា គំនិតផ្តួចផ្តើមនៃការបង្កើតមជ្ឈមណ្ឌលឱសថនេះ ត្រូវទទួលបានការអបអរសាទរក្នុងអំឡុងសម័យប្រជុំជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ មជ្ឍមណ្ឌលខាងលើត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្កើតការងារដោយផ្ទាល់ចំនួន ៥០ ០០០ និង ២០០ ០០០ ការងារដោយប្រយោល ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញចំនួន ៥លានដុល្លារក្នុងមួយឆ្នាំទៀតផង៕