ការិយាល័យ Office of the Royal Society (ORST) របស់ប្រទេសថៃ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការនៃរាជធានីរបស់ប្រទេសថៃ ពីទីក្រុងបាងកក ទៅជា “Krung Thep Maha Nakhon” វិញ។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះផ្លូវការថ្មី “Krung Thep Maha Nakhon” នេះ នឹងមិនចូលជាធរមានទេ លុះត្រាតែវាត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់។ គណៈរដ្ឋមន្ត្រីក៏បានស្នើឲ្យគណៈកម្មាការនេះយកទៅពិចារណាលើការសង្កេតបន្ថែមពីក្រសួងការបរទេសផងដែរ។
សេចក្តីប្រកាសដែលត្រូវបានអនុម័តដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ បាននិយាយថា គណៈកម្មាធិការរបស់ ORST ស្តីពីវចនានុក្រមនៃឈ្មោះភូមិសាស្ត្រអន្តរជាតិ រួមមានអ្នកជំនាញមកពីក្រសួងការបរទេស បានធ្វើបច្ចុប្បន្នភាពអក្ខរាវិរុទ្ធនៃប្រទេស ដែនដី តំបន់រដ្ឋបាល និងរាជធានី ឲ្យស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ន។ បន្ទាប់មក គណៈកម្មាធិការបានបញ្ជូនបញ្ជីនេះទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីចេញសេចក្តីប្រកាស។
សេចក្តីព្រាងនៃសេចក្តីប្រកាសនេះក៏បានលុបចោលសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ ស្តីពីឈ្មោះប្រទេស ដែនដី តំបន់រដ្ឋបាល និងរាជធានី ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០១ ដោយប្រើសេចក្តីប្រកាសរបស់ ORST ស្តីពីឈ្មោះដែលបានធ្វើបច្ចុប្បន្នភាពថ្ងៃទី ១ ខែកញ្ញា ឆ្នាំមុន។
នៅក្នុងការប្រកាសរបស់ ORST បានឲ្យដឹងថា ទីក្រុង “Krung Thep Maha Nakhon” នឹងក្លាយជាឈ្មោះផ្លូវការនៃរាជធានីរបស់ព្រះរាជាណាចក្រថៃ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះទីក្រុង “បាងកក” នឹងត្រូវបានដាក់ក្នុងវង់ក្រចក៕