បន្ទាប់ពីបានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារស្មាតហ្វូនរួចមក ក្រុមហ៊ុន LG Electronics កំពុងពុះពារស្វែងរកអ្នកទិញរោងចក្រស្មាតហ្វូនធំបំផុតរបស់ខ្លួន នៅទីក្រុង Hai Phong ប្រទេសវៀតណាម។
របាយការណ៍ពីកាសែត Business Korea និយាយថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូងនេះ បានសម្រេចចិត្តបញ្ឈប់ការផលិត និងលក់ទូរសព្ទចល័ត ដែលធ្វើឲ្យខាតបង់ច្រើន ហើយកំពុងចាត់វិធានការបិទរោងចក្រផលិត។
ទោះយ៉ាងណាក៏ដោយ វាមិនទាន់អាចរកអ្នកទិញរោងចក្រ នៅទីក្រុង Hai Phong ដែលមានសមត្ថភាពអាចផលិតស្មាតហ្វូន ប្រហែល ១០លានគ្រឿងជារៀងរាល់ឆ្នាំបានឡើយ។
យោងតាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់វៀតណាម សុទ្ធតែមានរោងចក្រផ្ទាល់ខ្លួន ហើយពួកគេគ្មានលទ្ធភាពចំណាយច្រើនជាង ៩០លានដុល្លារឡើយ សម្រាប់រោងចក្ររបស់ក្រុមហ៊ុន LG៕