ជាការពិតណាស់ បងប្អូនប្រាកដជាធ្លាប់តែឮថា គេអាចបង្កើតថាមពលអគ្គិសនីបានដោយប្រើប្រាស់តែនូវសូឡា ឬស្ថានីយ៍វារីអគ្គិសនីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ សិង្ហបុរី បានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយទៀតហើយ ដែលបច្ចេកវិទ្យានេះគឺអាចផលិតថាមពលអគ្គិសនីបានដោយគ្រាន់តែប្រើប្រាស់នូវដំណក់ទឹកភ្លៀងតែប៉ុណ្ណោះ។
ចំពោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមួយនៅក្នុងសាកលវិទ្យាល័យជាតិសិង្ហបុរីផ្ទាល់ ដោយប្រើប្រាស់នូវវិធីសាស្ត្រថ្មីមួយដែលមានភាពស្រដៀងគ្នានឹងវិធីសាស្ត្រដែលគេផលិតថាមពលអគ្គិសនីដោយប្រើប្រាស់នូវស្ថានីយ៍វារីអគ្គិសនីដែរ ប៉ុន្តែអាចបម្លែងថាមពលបានប្រហែលតែ ១០% ប៉ុណ្ណោះ ពីដំណក់ទឹកភ្លៀងដែលបានប្រើប្រាស់។
ក្នុងនោះ ថាមពលអគ្គិសនីដែលផលិតបាននេះ គឺមានប្រសិទ្ធភាពខ្លាំងជាងថាមពលដែលផលិតដោយវិធីផ្សេងដល់ទៅ ១០ដង ឯណ្ណោះ។
គួរបញ្ជាក់ថា បើទោះបីបច្ចេកវិទ្យាថ្មីមិនទាន់មានសមត្ថភាពផលិតថាមពលអគ្គិសនីបានច្រើនដូចនឹងការសាងសង់ទំនប់វារីអគ្គិសនី ឬស្ថានីយ៍ផលិតថាមពលធំៗជាច្រើននៅលើពិភពលោកក៏ដោយ ក៏វាបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យសម្រាប់ជួយសម្រួល ឬកាត់បន្ថយការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃឲកាន់តែបានភាពសន្សំសំចៃ និងប្រសើរជាងមុនផងដែរ។ លើសពីនេះ វាក៏ជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចផលិតអគ្គិសនីដោយមិនបង្កការប៉ះពាល់ដល់បរិស្ថានផងដែរ៕