នៅក្នុងពេលថ្មីៗនេះ អង្គការ Trump ដែលដឹកនាំដោយកូនប្រុសរបស់លោក Donald Trump គឺ Donald Jr. និង Eric Trump បានប្រកាសចេញនូវសេវាកម្មអ៊ីនធឺណិតតាមទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Trump Mobile ដោយសេវាកម្មនេះនឹងចាប់ផ្តើមដំណើរការនៅសហរដ្ឋអាមេរិក សម្រាប់ជាជម្រើសថ្មីរបស់ប្រជាជនអាមេរិកក្នុងការប្រើប្រាស់ ហើយវាក៏ជាផ្នែកមួយនៃអាជីវកម្មរបស់គ្រួសារលោក Trump ក្រៅពីវិស័យនយោបាយផងដែរ។
ក្នុងនោះ Trump Mobile គឺត្រូវបានអភិវឌ្ឍឡើងជា MVNO (Mobile Virtual Network Operator) ដែលប្រើបណ្តាញរបស់ក្រុមហ៊ុនធំៗដូចជា AT&T, Verizon និង T-Mobile ដើម្បីផ្តល់សេវាកម្មទៅអតិថិជន ហើយវាមានឈ្មោះថា “The 47 Plan” ។
សម្រាប់់តម្លៃរបស់សេវាកម្មនេះ គឺវាមានតម្លៃ $47.45 ក្នុងមួយខែ ដែលតម្លៃនេះគឺដាក់ដើម្បីសម្គាល់ថាលោក Donald Trump គឺជាប្រធានាធិបតីទី 45 និងទី 47 របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅពេលដែលភ្ជាប់គម្រោងនេះ អតិថិជន គឺអាចនិយាយទូរស័ព្ទ SMS និងប្រើប្រាស់នូវទិន្នន័យដោយគ្មានដែនកំណត់ ដោយរួមបញ្ចូលនូវសេវាកម្មផ្សេងៗជាច្រើន និងការតេទូរស័ព្ទទៅក្រៅប្រទេសដោយឥតគិតថ្លៃជាង 100 ប្រទេសផងដែរ។
ជាមួយគ្នានេះ Trump Mobile ក៏បានប្រកាសចេញនូវស្មាតហ្វូនមួយផងដែរមានឈ្មោះថា T1 Phone ដែលស្មាតហ្វូនមួយនេះគឺមានជម្រើសពណ៌មាស និងតម្លៃ $499 ។ សម្រាប់លក្ខណៈពិសេសរបស់ទូរស័ព្ទនេះ គឺមានអេក្រង់ AMOLED ទំហំ 6.78 អ៊ីញ 120Hz, កាមេរ៉ាគោល 50MP, កាមេរ៉ាបន្ទាប់បន្សំ 2MP កាមេរ៉ាមុខ 16MP និងថ្ម 5,000mAh។ វាប្រើនូវប្រព័ន្ធប្រតិប្តិការ Android 15 មាន RAM 12GB និងអង្គផ្ទុក 256GB ជាដើម ខណៈឈីបវិញ មិនត្រូវបានបង្ហាញចេញនៅឡើយទេ តែនឹងប្រើឈីបដែលរចនា និងផលិតដោយក្រុមហ៊ុនសហរដ្ឋអាមេរិកផ្ទាល់៕