ក្រុមហ៊ុន Faraday Future Intelligent Electric Inc. (NASDAQ: FFAI) បានប្រកាសនៅថ្ងៃនេះថា តារាចម្រៀងដ៏ល្បីល្បាញនៅលើពៅភពលោក Mariah Carey នឹងក្លាយជាម្ចាស់រថយន្ត FF 91 2.0 Futurist Alliance ការប្រកាសនេះកើតឡើងក្រោយពេលរថយន្ត FF 91 2.0 និងរថយន្ត concept FFZERO1 បានបង្ហាញខ្លួនយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងវីដេអូភ្លេងថ្មីរបស់ Carey សម្រាប់បទចម្រៀង “Type Dangerous”។
វីដេអូភ្លេងនេះមានការបង្ហាញជាពិសេសពី MrBeast ដែលជាអ្នកមានឥទ្ធិពលជាចម្បងលើបណ្តាញសង្គម (influencer) លេខ ១ នៅលើពិភពលោក។ វីដេអូនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីឧស្សាហកម្មកម្សាន្ត និងតន្ត្រីទូទាំងពិភពលោក។ Faraday Future បានបញ្ជាក់ថា ការទទួលយករថយន្ត FF 91 2.0 របស់ Mariah Carey គឺជាដំណាក់កាលថ្មីសម្រាប់ការបង្កើតវប្បធម៌សហការជាសកល ដើម្បី បង្ហាញពីស្ថានភាព “ប្រណិតភាព AI អតិបរិមា” (Ultimate AI Luxury) របស់ម៉ាក។
Jia Yueting, អ្នកស្ថាបនាដែលជាប្រធានប្រតិបត្តិជាសកលរបស់ Faraday Future បាននិយាយថា៖ “ខ្ញុំសូមអបអរសាទរ Mariah Carey ចំពោះការចេញបទចម្រៀង និងវីដេអូថ្មីរបស់នាង ព្រមទាំងការជាម្ចាស់ថ្មីនៃរថយន្ត FF 91 2.0។ រថយន្តនេះគឺជាចំណុចខ្ពស់នៃបច្ចេកវិទ្យាប្រណិតភាព AI។ ការដែលម្ចាស់ជាពិសេសដូចជា Mariah Carey ទទួលយករថយន្តនេះ បង្ហាញពីស្ថានភាពរបស់ FF នៅក្នុងទីផ្សាររថយន្តអគ្គិសនីជាសកល”។
ការចូលរួមរបស់ Carey បានបន្ថែមទៀតទៅលើបញ្ជីសិល្បករនិងអ្នកល្បីៗដែលជាម្ចាស់រថយន្ត FF ដែលរួមមានអ្នកល្បីមកពីឧស្សាហកម្មកីឡា និងកម្សាន្ត។ បញ្ជីនេះត្រូវបានចាត់ទុកថាជាសញ្ញានៃការកើនឡើងនៃឥទ្ធិពលម៉ាក Faraday Future និងសមត្ថភាពកម្រិតខ្ពស់នៃរថយន្តអគ្គិសនី FF 91 2.0 ដែលក្រុមហ៊ុនបានពិពណ៌នាថា ជារូបសញ្ញានៃបច្ចេកវិទ្យាអនាគត។
ទោះបីក្រុមហ៊ុននេះត្រូវបានបង្កើតមកអស់ជាង ១០ ឆ្នាំកន្លងមក ក៏មានការសង្ស័យចំពោះសមត្ថភាពផលិតនិងដឹកជញ្ជូនរបស់ខ្លួន ចាប់តាំងពីខែមីនាឆ្នាំ 2023 ដែលបានចាប់ផ្តើមផលិត FF 91, Faraday Future បានដឹកជញ្ជូនរថយន្តចំនួនតែ 16 គ្រឿងប៉ុណ្ណោះ ក្នុងនោះមាន 10 គ្រឿងដែលបានលក់ក្នុងឆ្នាំ 2023 ហើយ 4 គ្រឿងបន្ថែមបានលក់ក្នុងឆ្នាំ 2024។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការដឹកជញ្ជូនភាគច្រើនទៅឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុន និងតារាល្បីៗ ជាជំនួសអតិថិជនធម្មតា។ យុទ្ធសាស្ត្រនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី Mariah Carey បានក្លាយជាម្ចាស់រថយន្តថ្មី FF 91 2.0។