យោងតាមព័ត៌មានលេចធ្លាយក្នុងពេលថ្មីៗនេះបានឲដឹងថា ក្រុមហ៊ុន OnePlus អាចនឹងមិនបញ្ចេញនូវស្មាតហ្វូនសេរ៊ីថ្មី OnePlus 14 របស់ខ្លួនឡើយ តែអាចនឹងជំនួសមកវិញដោយ OnePlus 15 ដែលត្រៀមនឹងប្រកាសចេញជាផ្លូវការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ កាលដែលក្រុមហ៊ុន OnePlus មិនបញ្ចេញនូវ OnePlus 14 គឺដោយសារតែលេខ “4” ត្រូវបានគេចាត់ទុកថាជាលេខអាក្រក់នៅក្នុងប្រទេសក្នុងតំបន់អាស៊ីខ្លះៗ ដូចជា ចិន និងជប៉ុន ជាដើម។
ជាមួយគ្នានេះ OnePlus 15 ដែលជាអ្នកស្នងតំណែងថ្មីរបស់ OnePlus 13 ក៏នឹងទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនផងដែរ ពោលគឺទៅលើផ្នែកអេក្រង់ វានឹងទទួលបាននូវអេក្រង់រាបស្មើកម្រិត 1.5K ទំហំ 6.78 អ៊ីញ ដែលមានការរចនាគែមកាន់តែស្តើងជាងមុនបើប្រៀបធៀបទៅនឹង OnePlus 13 ។
ក្នុងផ្នែកកាមេរ៉ាវិញ OnePlus 15 នឹងបោះចោលនូវការរចនាកាមេរ៉ាជារាងរង្វង់ហើយជំនួសមកវិញដោយការរចនាថ្មីដែលមានភាព Premium ខ្លាំងជាងមុន រួមជាមួយកាមេរ៉ាគោល 50MP និងកាមេរ៉ា periscope telephoto ដែលអាចថតកាន់តែឆ្ងាយ។ លើសពីនេះទៅទៀត OnePlus ក៏អាចនឹងណែនាំនូវម៉ាករូបភាពផ្ទាល់ខ្លួនជាលើកដំបូងដែលមានឈ្មោះថា Lumo ដូចជារបស់ Oppo ផងដែរ៕