ក្នុងសម្ពាធនយោបាយពាណិជ្ជកម្មសកលកំពុងមានការកើនឡើងខ្លាំង សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសសម្រេចអនុវត្តដោយចុះនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលរវាងប្រទេសទាំងពីរ។
តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចុះពន្ធលើទំនិញចិនពី ១៤៥% ទៅ ៣០% ខណៈប្រទេសចិនវិញក៏នឹងបន្ថយពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០% ផងដែរ។
គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ គឺត្រូវបានដឹកនាំដោយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងភាគីអាមេរិកដឹកនាំដោយតំណាងពាណិជ្ជកម្ម Jamieson Greer និងរដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent ។ ក្នុងនោះ កិច្ចព្រមព្រៀងនេះនឹងអនុវត្តក្នុងរយៈពេលត្រឹមតែ ៩០ ថ្ងៃ ប៉ុណ្ណោះ ដោយមានគោលបំណងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះក៏បានជួយស្តារទំនុកចិត្តក្នុងទីផ្សារហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចពិភពលោកផងដែរ។
គួរឲដឹងថា បន្ទាប់ពីរយៈពេល ៩០ ថ្ងៃ នៃការកាត់បន្ថយពន្ធតាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងប្រមូលផ្តុំព័ត៌មានវាយតម្លៃផលប៉ះពាល់នៃការបន្ថយពន្ធនេះ ទើបសម្រេចពិភាក្សាបន្តទៀត៕