នៅក្នុងកម្មវិធីមួយស្តីពីការផ្លាស់ប្តូរយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី Donald Trump បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើប្រាស់នូវរូបិយប័ណ្ណឌីជីថល (Crypto) ចំនួន ៥ ប្រភេទ ដើម្បីជាផ្នែកមួយនៃទុនបម្រុងរបស់ជាតិ។
ក្នុងចំណោមរូបិយប័ណ្ណដែលត្រូវបានជ្រើសរើសទាំងនោះមានដូចជា៖ XRP ជាប្រភេទកាក ឫរូបិយប័ណ្ណឌីជីថលដែលបង្កើតឡើងដោយក្រុមហ៊ុនគ្រីបតូរបស់សហរដ្ឋអាមេរិកឈ្មោះថា Ripple ។ វាគឺជារូបិយប័ណ្ណគ្រីបតូធំជាងគេទី ៣ នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ មានមូលធនប័ត្រទីផ្សារប្រហែល ១៦៨ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យ CoinGecko ។
ទី២ គឺ SOL ឫ Solana ជារូបិយប័ណ្ណគ្រីបតូធំជាងគេទី ៦ នៅលើពិភពលោក ដែលបង្កើតឡើងក្នុងឆ្នាំ ២០២១ មានតម្លៃប្រមាណ ៧៣ ពាន់លានដុល្លារ។ វាជាប្រព័ន្ធ blockchain ដែលមានល្បឿនលឿន និងតម្លៃប្រើប្រាស់ទាប ដែលត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណគ្រីបតូកំពូលសម្រាប់ការបង្កើត និងជួញដូរកាក់ (tokens) ប្រភេទ meme និង NFTs។
ទី៣ គឺ ADA ជារូបិយប័ណ្ណឌីជីថលរបស់ blockchain Cardano។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយលោក Charles Hoskinson ដែលជាសហស្ថាបនិករបស់ Ethereum មានតម្លៃប្រមាណ ៣១,៤ ពាន់លានដុល្លារ ជាប់ជារូបិយប័ណ្ណឌីជីថលធំបំផុតទី ៨ ។ ប៉ុន្តែនៅពេលលោក Donald Trump បានប្រកាសគាំទ្រការវិនិយោគក្នុងគ្រីបតូ តម្លៃ ADA បានកើនឡើងដល់ជាង 70% ឯណ្ណោះ។
ទី៤ គឺ Bitcoin ជារូបិយប័ណ្ណឌីជីថលដំបូងបង្អស់ និងធំបំផុតដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយតួអង្គអាថ៌កំបាំងដែលគេស្គាល់ថាជា Satoshi Nakamoto។ ក្នុងឆ្នាំ 2025 នេះ តម្លៃ Bitcoin ក្នុង ១កាក បានកើនដល់ប្រមាណ 86,000 ដុល្លារ និងមានតម្លៃមូលធនប័ត្រទីផ្សារលើសពី 1.7 trillion ដុល្លារ។
និងចុងក្រោយគឺ Ethereum, វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដោយលោក Vitalik Buterin និងក្រុមការងាររបស់គាត់ មានតួនាទីសំខាន់ក្នុងពិភព Web3 ដោយផ្តល់សេវាកម្ម blockchain សម្រាប់ DeFi, NFTs, និងគម្រោងរូបិយប័ណ្ណឌីជីថលជាច្រើន។ ជារូបិយប័ណ្ណឌីជីថលធំបំផុតទី ២ បន្ទាប់ពី Bitcoin មានតម្លៃមូលធនប័ត្រទីផ្សារប្រហែល 282.13 ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ នេះ។
គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តក្នុងការបញ្ជូលនូវរូបិយប័ណ្ណឌីជីថល (Crypto) ដើម្បីជាផ្នែកមួយនៃទុនបម្រុងរបស់ជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នេះបានបង្កើតជាភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងវិស័យ crypto និងជះឥទ្ធិពលដល់តម្លៃនៃរូបិយប័ណ្ណជាច្រើននៅទូទាំងពិភពលោក។
ប៉ុន្តែបើយោងតាមការវិភាគរបស់អ្នកវិភាគជាច្រើននៅទូទាំងពិភពលោកបាននិយាយថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល crypto ដូចជា XRP និង Bitcoin ក្នុងទុនបម្រុងជាតិនេះ អាចបង្ហាញពីទស្សនៈថ្មីរបស់អាមេរិកចំពោះបច្ចេកវិទ្យាប្លុកឆេន និងអនាគតនៃប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជាការពង្រឹងសេដ្ឋកិច្ច និងការកាន់កាប់ឥទ្ធិពលរបស់អាមេរិកលើទីផ្សារហិរញ្ញវត្ថុសកលផងដែរ។ ប៉ុន្តែ តើការសម្រេចចិត្តនេះនឹងមានឥទ្ធិពលលើទីផ្សារហិរញ្ញវត្ថុអនាគតយ៉ាងដូចម្តេច? មានតែរង់ចាំមើលតែប៉ុណ្ណោះ៕