នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ 2025 ក្រុមហ៊ុន TECNO បានបង្ហាញចេញគំរូនូវឧបករណ៍ថ្មីៗជាច្រើនដែលមានការប្រើប្រាស់ជាមួយបច្ចេកវិទ្យា AI និងភាពឆ្នៃប្រឌិតថ្មីៗប្លែកៗ ដែលស្ថិតនៅក្រាមប្រធានបទ “Create the AI Future” របស់ក្រុមហ៊ុន។ ក្នុងនោះក្រុមមួយនេះ មានគោលបំណងធ្វើឱ្យបច្ចេកវិទ្យា AI អាចប្រើប្រាស់បានទូទៅ និងមានប្រយោជន៍សម្រាប់មនុស្សគ្រប់វណ្ណៈ ជាពិសេសនៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍បច្ចុប្បន្ននេះ។
នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន TECNO បានដាក់បង្ហាញចេញនូវគំរូឧបករណ៍ថ្មីៗជាច្រើន រួមមានទូរស័ព្ទដៃ CAMON 40 Series, វែនតាឆ្លាតវៃ AI Glasses, កុំព្យូទ័រ MEGABOOK S14, នាឡិកាឆ្លាតវៃថ្មី និងកាសស្តាប់ត្រចៀក។ ដោយឧបករណ៍ទាំងនេះសុទ្ធសឹងតែភ្ជាប់មកជាមួយនឹងប្រព័ន្ធ AI ដើម្បីធ្វើឱ្យការប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។
ចំពោះស្មាតហ្វូន CAMON 40 Series គឺមានលក្ខណៈពិសេសមួយដែលគេឲឈ្មោះថា One-Tap FlashSnap ដែលជាបច្ចេកវិទ្យាដែលអាចថតរូបបានលឿនបំផុត។ ចំណែកវែនតាឆ្លាតវៃ AI Glasses វិញ គឺជាវែនតាដែលអាចផ្តល់បទពិសោធន៍ថ្មីក្នុងការទស្សនាវីដេអូ និងប្រើប្រាស់នូវកម្មវិធី AR (Augmented Reality)។ ខណៈកុំព្យូទ័រ MEGABOOK S14 គឺជាកុំព្យូទ័រយួរដៃដែលមានទំហំអេក្រង់ ១៤ អ៊ីញ កម្រិត 2.8K OLED ដែលមានទម្ងន់ស្រាលបំផុតក្នុងពិភពលោក និងមានមុខងារជំនួយការសំឡេង Ella AI ។
លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចេញនូវគំរូឧបករណ៍ថ្មីៗមួយចំនួនទៀតផងដែរមានដូចជា SPARK Slim (ទូរស័ព្ទស្តើងបំផុតដែលមានថ្ម 5000mAh+), PHANTOM Ultimate 2 (ទូរស័ព្ទបត់ ៣ តង់) និងបច្ចេកវិទ្យា Starry Optical Fiber ដែលជាបច្ចេកវិទ្យាអាចបង្កើតពន្លឺដូចផ្កាយនៅលើខ្នងទូរស័ព្ទ៕