ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ពួកគេនឹងវិនិយោគចំនួន ១០០ ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក។ ការវិនិយោគនេះ នឹងរួមមានរោងចក្រថ្មីចំនួន ៥ ដែលនឹងត្រូវសង់បន្ថែមនៅអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។ សម្រាប់ព័ត៌មាននេះ ត្រូវបានប្រកាសនៅក្នុងថ្ងៃចន្ទ ដោយនាយកប្រតិបត្តិរបស់ TSMC លោក C.C. Wei ពេលជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន ឫ The White House ។
បើយោងតាមសម្តីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានឲ្យដឹងថា អាមេរិកត្រូវតែមានសមត្ថភាពផលិតបន្ទះសៀគ្វី និង semiconductors ផ្ទាល់ខ្លួន ដោយសារវាជាបញ្ហាសន្តិសុខជាតិ។ ខណៈ TSMC វិញបានបញ្ជាក់ថា ការវិនិយោគនេះនឹងរួមមានរោងចក្រផលិតបន្ទះឈីបថ្មីចំនួន ៣ រោងចក្រវេចខ្ចប់ទំនើបចំនួន ២ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីចំនួន ១ ។
គួរគូសបញ្ជាក់ផងថា កាលពីមុន TSMC បាននិយាយថា ពួកគេនឹងពង្រីកការវិនិយោគនៅអាមេរិកពី ២៥ ពាន់លានដុល្លារ ទៅ ៦៥ ពាន់លានដុល្លារ និងបន្ថែមរោងចក្រទី ៣ នៅក្នុងរដ្ឋ Arizona មុនឆ្នាំ ២០៣០ ប៉ុន្តែបច្ចុប្បន្ននេះការវិនិយោគរបស់ពួកគេបានកើនដល់ ១០០ ពាន់លានដុល្លារ ដែលអាចបង្កើតការងារ ៤០ ០០០កន្លែង ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។
គួរឲដឹងថា TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបឈានមុខគេដល់ក្រុមហ៊ុនធំៗជាច្រើន តួយ៉ាងដូចជាក្រុមហ៊ុន Nvidia, Qualcomm, AMD និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។
ជាមួយគ្នានេះ TSMC ផ្ទាល់ក៏បានបញ្ជាក់ផងដែរថា ការវិនិយោគថ្មីនេះ នឹងជួយពួកគេបង្កើនការផលិតបន្ទះឈីបនៅអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីអាស៊ីជាពិសេសប្រទេសចិន។ ខណៈនៅឆ្នាំ ២០២៨ ខាងមុខ ពួកគេនឹងចាប់ផ្តើមផលិតបន្ទះឈីបដែលប្រើប្រាស់នូវបច្ចេកវិទ្យា 2-nanometer ថ្មីដែលទំនើបបំផុត នៅក្នុងរោងចក្រ Arizona ទី ២ របស់ពួកគេ៕