ទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា ដែលធ្លាប់មានភ្ញៀវទេសចរច្រើនណែបតាន់តាប់នោះ ឥឡូវនេះបានប្រែក្លាយជាទីក្រុងខ្មោចដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩ ខណៈដែលវាទទួលបានភ្ញៀវត្រឹមតែ ២៦ ០០០ នាក់ប៉ុណ្ណោះ កាលពីខែមករា ដែលជាការធ្លាក់ចុះ ៩៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
តួលេខចុងក្រោយដែលចេញផ្សាយដោយការិយាល័យនៃអាជ្ញាធរទេសចរណ៍ថៃ កាលពីថ្ងៃពុធបានបង្ហាញថា អ្នកឈប់សម្រាក ២៦ ០០០ នាក់បានស្នាក់នៅយ៉ាងហោចណាស់មួយយប់ក្នុងទីក្រុងប៉ាតាយ៉ា ក្នុងខែមករា ដែលជាចំណែកតូចមួយ បើប្រៀបធៀបទៅនឹងភ្ញៀវ ១,៥ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធានការិយាល័យ លោក Kajorndet Apichartrakul បានស្តីបន្ទោសការធ្លាក់ចុះ ៩៨% លើការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរារាំងដល់ការធ្វើដំណើរអន្តរជាតិ ហើយផ្ទុយទៅវិញបានឃាត់ភ្ញៀវទេសចរឲ្យស្នាក់នៅផ្ទះជំនួសវិញ។
គួរឲ្យដឹងថា វិស័យទេសចរណ៍នៅប៉ាតាយ៉ា គឺពឹងផ្អែកជាសំខាន់លើជនបរទេស ដែលមានចំនួន ៧០ ភាគរយនៃចំនួនភ្ញៀវមកដល់ទាំងអស់។ ជនជាតិរុស្ស៊ីស្ថិតក្នុងចំណោមក្រុមឈានមុខគេ នៃជនបរទេសដែលជ្រើសរើសយកទីក្រុងនេះជាគោលដៅថ្ងៃឈប់សម្រាករបស់ពួកគេ៕