ប្រទេសហ្វីលីពីនកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងនៅហុងកុង តាមរយៈការកាត់បន្ថយពន្ធ ដោយព្យាយាមបង្កើនឧស្សាហកម្មដែលបានទាក់ទាញក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក និងជប៉ុន។
ក្រសួងពាណិជ្ជកម្មហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេងរបស់ហុងកុង កំពុងពិចារណាយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរទីតាំង និងពង្រីកខ្លួន នៅក្នុងប្រទេសហ្វីលីពីន ដោយសារតែតម្លៃផលិតកម្មកើនឡើង។
អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក Ceferino Rodolfo បានមានប្រសាសន៍ថា ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីផែនការដើម្បីបន្ថយអត្រាពន្ធប្រាក់ចំណូលសាជីវកម្ម ៣០ ភាគរយ, បង្កើតបណ្តាញផលិតកម្មកាន់តែទូលំទូលាយ និងអាចទទួលបានទីផ្សារកាន់តែទូលំទូលាយ ដូចជា ប្រទេសជប៉ុន និងអឺរ៉ុប ជាដើម។
គួរឲ្យដឹងដែរថា កាលពីខែមុនក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានជួបជាមួយសមាគមអ្នកផលិតប្រដាប់ក្មេងលេង ដែលមានសមាជិក ២៥០ នាក់នៅហុងកុង។ ប្រទេសហ្វីលីពីនមានក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង ចំនួន ១២៥ រួមទាំងទីតាំងផលិតរបស់ក្រុមហ៊ុន Mattel Inc, ក្រុមហ៊ុន Bandai Namco Holdings Inc និងក្រុមហ៊ុន Dunlop International Co។ ប្រទេសនេះបាននាំចេញប្រដាប់ក្មេងលេង និងហ្គេម បានចំនួន ១៧៦លានដុល្លារ ក្នុងឆ្នាំ២០១៩៕