ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡារបស់ប្រទេសអាល្លឺម៉ង់ Adidas បាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ៧៨% ក្នុងឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានបំផ្លាញដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ប៉ុន្តែបានព្យាករណ៍ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នាពេលខាងមុខ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Bavaria ដែលកំពុងព្យាយាមលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធអាមេរិក Reebok នេះ បានរាយការណ៍ថាប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះដល់ ៤៣២ លានអឺរ៉ូ (៥១៣ លានដុល្លារ) កាលពីឆ្នាំមុន ពីចំនួន ១,៩៧ ពាន់លានអឺរ៉ូ កាលពីឆ្នាំ ២០១៩ ។ ជាមួយគ្នានេះដែរ វាក៏ឃើញការលក់ធ្លាក់ចុះ ១៦% ស្មើនឹង ១៩,៨ ពាន់លានអឺរ៉ូ ផងដែរ។
ប៉ុន្តែ Adidas បានព្យាយាមបញ្ជាក់ថា ការលក់បានស្ទុះងើបឡើងវិញនៅលើពិភពលោកស្ទើរតែទាំងអស់ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២០ ដែលហាងជាច្រើនត្រូវបង្ខំចិត្តបិទដោយសារការរឹតបន្តឹង បណ្តាលមកពីជំងឺកូវីដ១៩។ ក្រុមហ៊ុន Adidas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើកលែងតែនៅអឺរ៉ុបប៉ុណ្ណោះ ដែលហាងទំនិញរបស់ក្រុមហ៊ុនប្រហែលពាក់កណ្តាល នៅតែត្រូវបានបិទទ្វារនៅចុងឆ្នាំនេះ។
ការលក់របស់យីហោម៉ាក Adidas បានធ្លាក់ចុះ ១៣% នៅឆ្នាំ ២០២០ ខណៈការលក់របស់ Reebok បានធ្លាក់ចុះ ១៦%។ កាលពីខែមុន Adidas បាននិយាយថា ខ្លួននឹងលក់ Reebok ដែលខ្លួនបានទិញក្នុងឆ្នាំ ២០០៦ ក្នុងតម្លៃ ៣,១ ពាន់លានអឺរ៉ូ ក្នុងគោលបំណងដើម្បីប្រជែងនឹងគូប្រកួតរបស់អាមេរិក Nike៕