ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រកាសជាផ្លូវការថា ពួកគេនឹងវិនិយោគចំនួន 127 ពាន់លានបាត (ប្រមាណ 3.8 ពាន់លានដុល្លារ) ក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងការគាំទ្រការងាររបស់ TikTok និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2026 នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធ។
ចំពោះការវិនិយោគនេះ ត្រូវបានធ្វើឡើងដោយអង្គភាពសិង្ហបុរីនៃក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេធំរបស់ TikTok។ លើសពីនេះ ពួកគេក៏គម្រោងនឹងវិនិយោគថ្មីៗផ្សេងទៀត ដែលមានតម្លៃសរុបដល់ 5 ពាន់លានដុល្លារ នៅក្នុងប្រទេសថៃផងដែរ។
ជាមួយគ្នានេះ បើយោងតាមលោក Narit Therdsteerasukdi អគ្គលេខាធិការ BoI បាននិយាយថា ក្រុមហ៊ុនផ្សេងៗជាច្រើនដូចជា Google, Amazon Web Services និង Microsoft ក៏បានប្រកាសផែនការក្នុងការបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ពួកគេក្នុងប្រទេសថៃផងដែរ។
គួរឲដឹងថា នៅក្នុងឆ្នាំ 2024 ការវិនិយោគនៅក្នុងប្រទេសថៃបានកើនឡើង 35%, នេះប្រៀបធៀបនឹងឆ្នាំ២០២៣ ពោលគឺមានចំនួនដល់ 1.14 ពាន់ពាន់លានបាត។ ខណៈនៅក្នុងឆ្នាំ២០២៥ នេះ រដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់មានគោលដៅទាក់ទាញការវិនិយោគថ្មីៗយ៉ាងហោចណាស់ 1 ពាន់ពាន់លានបាតក្នុងឆ្នាំនេះ៕