ក្រុមហ៊ុន Asus បានប្រកាសថា Zenfone 12 Ultra នឹងដាក់លក់ជាសាកលនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ២០២៥។ ទូរស័ព្ទនេះ មានការរចនាប្លែកពីស៊េរី ROG ហើយផ្តោតលើការប្រើប្រាស់ទូទៅជាមួយនឹងលក្ខណៈពិសេសថ្មីៗដំណើរការដោយ AI រួមជាមួយលក្ខណៈពិសេសសំខាន់ៗ និងរន្ធដោតកាស 3.5mm ដែលកម្រមាននៅលើស្មាតហ្វូនទំនើបៗ។
Zenfone 12 Ultra នឹងបំពាក់អេក្រង់ Samsung LTPO OLED ទំហំ 6.78 អ៊ីញ 144Hz ជាមួយនឹងកម្រិតភាពបង្ហាញ 2400×1080 Pixels ។ វានឹងបំពាក់ដោយបន្ទះឈីប Snapdragon 8 Elite ភ្ជាប់នឹង RAM ទំហំ 8GB ឬ 16GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 512GB ប្រភេទ UFS 4.0។
ផ្នែកកាមេរ៉ា មានលេនគោលប្រើប្រាស់សេនស័រ Sony Lytia 700 ទំហំ 50MP មានមុខងារទប់លំនឹង gimbal stabilization បូករួមជាមួយកាមេរ៉ា ultra-wide 13MP និង telephoto 32MP គាំទ្រការថត 3x optical zoom និង OIS។ ខណៈកាមេរ៉ាមុខ 32MP នៅតែមិនផ្លាស់ប្តូរពី ROG Phone 9 Pro។ លើសពីនេះ Zenfone 12 Ultra នឹងដំណើរការជាមួយ Android 15 និងមានមុខងារ AI ដើម្បីជួយបង្កើនគុណភាពថតរូប និងថតវីដេអូ។
ចំណែកផ្នែកថាមពលទទួលបានថ្ម 5,500mAh គាំទ្រការសាកល្បឿនលឿន 65W តាមខ្សែ និង 15W តាមប្រព័ន្ធ Qi ។ ទោះមានបន្ទះឈីប និងអេក្រង់ដូចនឹង ROG Phone 9 Pro ប៉ុន្តែ Zenfone 12 Ultra មានការរចនាផ្សេងគ្នា ហើយមានមុខងារលេងហ្គេមពិសេស AirTriggers និងពិតជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តថតរូប និងការប្រើប្រាស់ទូទៅ ដោយនៅតែរក្សារន្ធដោតកាស 3.5mm និងការការពារទឹកធូលី IP68 ៕