ឥណ្ឌា អាចនឹងក្លាយជាអ្នកផលិតវ៉ាក់សាំងកូវីដ១៩ ធំជាងគេទី ២ លើពិភពលោក ហើយអ្នកវិភាគនិយាយថា ប្រទេសនេះមានសមត្ថភាពផលិតវ៉ាក់សាំង សម្រាប់ទាំងប្រជាជនរបស់ខ្លួន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំងភាគច្រើនរបស់ពិភពលោក មានប្រវត្តិចេញមកពីប្រទេសឥណ្ឌា។ សូម្បីតែមុនពេលមានកូវីដ១៩ ប្រទេសអាស៊ីខាងត្បូងមួយនេះបានផលិតវ៉ាក់សាំងប្រមាណ ៦០% នៃវ៉ាក់សាំងសរុបលើពិភពលោក ហើយអាចធ្វើបានក្នុងតម្លៃថោកទៀតផង។
អ្នកវិភាគរបស់ក្រុមហ៊ុនធនាគារវិនិយោគ JPMorgan បានសរសេរនៅក្នុងរបាយការណ៍មួយ កាលពីខែមុនថា “ឥណ្ឌា គឺជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំង សូម្បីតែមុនពេលមានរោគរាតត្បាត ដូច្នេះវាគួរតែជាដៃគូយុទ្ធសាស្រ្តសម្រាប់សកលលោក ក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩” ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនប្រឹក្សា Deloitte India បានព្យាករណ៍ថា ប្រទេសឥណ្ឌានឹងស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការផលិតវ៉ាក់សាំងកូវីដ១៩ នៅឆ្នាំ ២០២១ នេះ។ ក្រុមហ៊ុនដដែលនេះបាននិយាយថា វ៉ាក់សាំងកូវីដ១៩ ច្រើនជាង ៣,៥ ពាន់លានដូស អាចត្រូវបានផលិតនៅក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ប្រហែល ៤ ពាន់លានដូស៕