យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple Inc បានទាក់ទងទៅក្រុមហ៊ុនរថយន្ត Nissan Motor Co Ltd ក្នុងប៉ុន្មានខែថ្មីៗនេះ អំពីគម្រោងរថយន្តបើកបរស្វ័យប្រវត្ដិរបស់ខ្លួន ប៉ុន្តែកិច្ចចរចាបានបញ្ចប់ បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើម៉ាកយីហោ។
របាយការណ៍នេះបានបន្ថែមទៀតថា ការទាក់ទងខាងលើមានរយៈពេលខ្លី ហើយការពិភាក្សាមិនបានឈានដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់នោះទេ។
ប្រភពដដែលបញ្ជាក់ថា ការចរចារនេះត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមហ៊ុន Apple បានស្នើសុំឲ្យក្រុមហ៊ុន Nissan ផលិតរថយន្តរួចដាក់ម៉ាក Apple ដោយក្រុមហ៊ុន Nissan ត្រឹមជាអ្នកផ្គត់ផ្គង់ផ្នែករឹងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ទាំងតំណាងក្រុមហ៊ុន Nissan និង Apple មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ ជុំវិញព័ត៌មានមួយនេះ។ គួរឲ្យដឹងថា រាយការណ៍កាលពីខែធ្នូបង្ហាញថា ក្រុមហ៊ុន Apple កំពុងឈានទៅមុខជាមួយនឹងបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ និងមានគោលបំណងផលិតរថយន្តដឹកអ្នកដំណើរ ដែលអាចរួមបញ្ចូលបច្ចេកវិទ្យាអាគុយរបស់ខ្លួន នៅដើមឆ្នាំ ២០២៤ ទៀតផង៕