បើយោងតាមធនាគារពិភពលោកបានឲ្យដឹងថា ប្រជាជនថៃប្រមាណ ១,៥ លាននាក់ ត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។
លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសថៃ នៅធនាគារពិភពលោក បានថ្លែងថា ប្រជាជនក្រីក្ររបស់ថៃមានចំនួនសរុប ៣,៧ លាននាក់ក្នុងឆ្នាំ ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥,២ លាននាក់នៅឆ្នាំ ២០២០ ដែលភាគច្រើនមកពីផលប៉ះពាល់អវិជ្ជមានពីកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ លោក Kiatipong បាននិយាយថា ចំនួនប្រជាជនក្រីក្រត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៥ លាននាក់នៅឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃការងារ ខណៈសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថានឹងមានការងើបឡើងវិញផងដែរ។
អត្រាភាពក្រីក្ររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨,៨% ក្នុងឆ្នាំ ២០២០ ដោយកើនឡើងពី ៦,២% ក្នុងឆ្នាំ ២០១៩ ហើយនឹងត្រូវថយចុះ ៨,៤% វិញនៅឆ្នាំនេះ។
គួរឲ្យដឹងថា ធនាគារពិភពលោក កំណត់ខ្សែបន្ទាត់ភាពក្រីក្រក្នុងប្រាក់ចំណូលប្រចាំថ្ងៃចំនួន ៥,៥០ ដុល្លារអាមេរិក (១៦៥ បាត) ក្នុងមនុស្សម្នាក់។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់ទីផ្សារការងារថៃយ៉ាងខ្លាំង ជាពិសេសនៅឆមាសទីមួយនៃឆ្នាំមុន ដែលនាំឲ្យមានអត្រាគ្មានការងារធ្វើខ្ពស់ ហើយកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ៕