ក្រុមហ៊ុនម៉ូតូ Ducati បានអបអរសាទរភាពវិជ្ជមាននៃឆ្នាំ ២០២០ ជាមួយនឹងការលក់ម៉ូតូសរុបចំនួន ៤៨ ០៤២ គ្រឿង នៅទូទាំងពិភពលោក ប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ចំនួន ៥៣ ១៨៣ គ្រឿង។
គួរឲ្យដឹងថា ការលក់ដាច់ច្រើនបំផុតត្រូវបានកត់ត្រាសម្រាប់ប្រទេសចិន អាល្លឺម៉ង់ និងស្វីស ដែលលទ្ធផលនៃការលក់មានភាពប្រសើរជាងឆ្នាំ ២០១៩ ប៉ុន្តែការលក់នៅទូទាំងពិភពលោក មានការធ្លាក់ចុះ ៩,៧% ដោយសារការបិទរោងចក្រនៅខែមីនា និងមេសា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ទីផ្សារអន្ដរជាតិនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ Ducati ដោយប្រទេសចិនបានបង្ហាញនូវបរិមាណលក់កើនឡើង ២៦ ភាគរយ ឬ ៤ ០៤១ គ្រឿង ខណៈទីផ្សារប្រទេសអ៊ីតាលី គឺជាប្រទេសដំបូងគេដែលលក់ម៉ូតូ Ducati ជាង ៧ ០០០ គ្រឿងក្នុងប្រទេសតែមួយ។
បើនិយាយពីម៉ូដែលម៉ូតូដែលត្រូវប៉ាន់បំផុត គឺ ត្រកូល Scrambler ដោយលក់បាន ៩ ២៦៥ គ្រឿង ទាំងប្រភេទម៉ាស៊ីនកម្លាំង ១១០០ សេសេ និង ៨០០ សេសេ។ បន្ទាប់មក Ducati Streetfighter V4 គឺជាម៉ូតូលក់ដាច់ដាច់បំផុតនៅក្នុងកាតាឡុករបស់ខ្លួន ដែលមានចំនួន ៥ ៧៣០ គ្រឿង៕