[ទីផ្សារបរទេស] មានរថយន្តអគ្គិសនីថ្មីជាង ៣០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារអាមេរិក នៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៣ ជាការកើនឡើង ៤៩,៨% ធៀបនឹងត្រីមាសទីបី នៃឆ្នាំ២០២២ ហើយស្មើនឹង ៧,៩% នៃចំនួនលក់សរុបក្នុងឧស្សាហកម្មយានយន្ត។
ទិន្នន័យចេញផ្សាយដោយ Kelley Blue Book បង្ហាញដែរថា ចំនួនលក់នេះមានការកើនឡើងធៀបនឹងចំនួនលក់ ២៩៨ ០៣៩គ្រឿង លក់បានកាលពីត្រីមាសទីពីរកន្លងទៅ ហើយចំណែកទីផ្សាររថយន្តអគ្គិសនីក៏បានកើនឡើងពី ៧,២% កាលពីត្រីមាសមុនផងដែរ។
Tesla នៅតែជាស្ដេចក្រាញ់ក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក ប៉ុន្តែចំណែកទីផ្សារបានថយចុះក្នុងកម្រិតទាបមិនធ្លាប់មាន។ ជាក់ស្ដែងកាលពីត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ Tesla ក្ដោបបានទីផ្សារ ៦២% ហើយនៅត្រីមាសទីបីនេះ ចំណែកទីផ្សារធ្លាក់នៅត្រឹម ៥០% ប៉ុណ្ណោះ។
យ៉ាងណាក្រុមហ៊ុន Cox Automotive និយាយថា រថយន្តភីកអាប់ Cybertruck របស់ Tesla នឹងជួយឲ្យក្រុមហ៊ុនកើនឡើងចំណែកទីផ្សារឡើងវិញ នៅពេលដែលរថយន្តនេះចេញលក់ជាផ្លូវការ។
គួរចាប់អារម្មណ៍ដែរថា បើមិនរាប់ម៉ាក Tesla, Fisker, Rivian និង VinFast ដែលលក់តែរថយន្តអគ្គិសនីសុទ្ធ គេឃើញថា BMW មានរថយន្តអគ្គិសនីក្ដោបក្ដាប់ចំណែកលក់សរុបរបស់ក្រុមហ៊ុនធំជាងគេ ជាមួយទំហំ ១៥,៦% ខណៈចំនួនលក់ឡានអគ្គិសនីរបស់ Audi មាន ១២,៧% នៃចំនួនលក់សរុប និង Volvo មាន ១២,៦% ហើយ VW មាន ១២,២% និង Mercedes-Benz មាន ១២%៕