[ទីផ្សារបរទេស] Rolls-Royce Ghost Ekleipsis គឺជារថយន្តម៉ូដែលពិសេសដ៏ថ្មីសន្លាងមួយរបស់ Rolls-Royce ដោយរថយន្តនេះទទួលបានគំនិតឌីហ្សាញចេញពីបាតុភូតសូរ្យគ្រាស ជាបាតុភូតមួយដែលកម្រកើតមាន។
Rolls-Royce Ghost Ekleipsis ដែលមានឈ្មោះពេញថា Rolls-Royce Black Badge Ghost Ékleipsis Private Collection មានផលិតត្រឹមតែ២៥គ្រឿងប៉ុណ្ណោះក្នុងលោក ហើយគ្រប់គ្រឿងទាំងអស់សុទ្ធតែមានអតិថិជនបានកុម្ម៉ង់ទិញរួចរាល់ផងដែរ។
រថយន្តនេះមានតុបតែងដោយពណ៌ខាងក្រៅជាពណ៌ត្នោត គួបផ្សំនឹងការរំលេចនូវពណ៌ទឹកក្រូចលើកាងខាងមុខ លើយ៉ាន់កង់ លើដុំហ្វ្រាំងកង់ និងលើតួខ្លួនមានឆ្នូតពណ៌ទឹកក្រូចដែលគូដោយដៃផ្ទាល់ផងដែរ។ ចូលដល់ផ្នែកខាងក្នុងក៏មានរំលេចពណ៌ខ្មៅ ជាមួយពណ៌ទឹកក្រូចយ៉ាងទាក់ភ្នែកតែម្ដង។
តាបឡូនៃរថយន្តមានឌីហ្សាញដែលយកលំនាំតាមបាតុភូតសូរគ្រាស ដែលដួងផ្កាយចំនួន ១ ៨៤៦គ្រាប់ឆ្លាក់ដោយប្រើឡាស៊ែរ និងប្រើប្រាស់ពេលជាង ១០០ម៉ោង ដើម្បីផលិត។ នាឡិកាតូចដែលនៅលើតាបឡូរថយន្តគឺជាផ្នែកដ៏ថ្លៃមួយ ព្រោះវាមានបង្កប់ដោយគ្រាប់ពេជ្រទំហំ ០,៥ការ៉ាត់។
អ្វីដែលកាន់តែពិសេសគឺស្ថិតនៅផ្នែកដំបូលខាងក្នុងនៃរថយន្ត ព្រោះតែវាមានការឌីហ្សាញប្រៀបដូចជាសូរ្យគ្រាសយ៉ាងអ៊ីចឹង ដោយក្នុងនោះមានផ្កាយចំនួន ៩៤០គ្រាប់ នៅស្ថិតជុំវិញបាតុភូតសូរគ្រាស ហើយនៅក្បែរនោះក៏មានផ្កាយ ១៩២គ្រាប់ផ្សេងទៀតផងដែរ។ Rolls-Royce និយាយថាដំបូលនេះនឹងបង្ហាញជាចលនាដែលយកលំនាំយកបាតុភូតសូរគ្រាស រៀងរាល់ពេញដែលម្ចាស់រថយន្តបើកទ្វារចូល ហើយវានឹងនៅបន្តបន្លឺរយៈពេល ៧នាទី ៣១វិនាទី។
Rolls-Royce Ghost Ekleipsis បំពាក់ម៉ាស៊ីន ៦,៧៥លីត្រ ប្រភេទ Twin-Turbo ១២ស៊ីឡាំង ផលិតកម្លាំងបាន ៥៩២សេះ មកជាមួយប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន។ រថយន្តនេះក៏មាននូវប្រព័ន្ធបូមខ្យល់ដែលអាចផ្លាស់ប្ដូរកម្ពស់តាមស្ថានភាពផ្លូវ ជាអត្តសញ្ញាណពិសេសមួយរបស់រថយន្ត Ghost៕