ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។
កំពង់ផែតម្លៃ ៤៣,២ ពាន់ពាន់លានរូពី (ប្រហែល ៣ពាន់លានដុល្លារ) នៅទីប្រជុំជន Subang ចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីហ្សាកាតា គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពមួយរបស់រដ្ឋាភិបាល ដែលត្រូវបានរចនាឡើងដើម្បីជំរុញសេដ្ឋកិច្ចដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ និងបន្ធូរបន្ថយសម្ពាធលើកំពង់ផែ Tanjung Priok ដែលកំពុងកកស្ទះ។
លោកប្រធានាធិបតីវ័យ ៥៩ឆ្នាំខាងលើ បាននិយាយថា ដំណាក់កាលដំបូងនៃគម្រោងទាំង ៣ នៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌូណេស៊ីត្រូវបានបញ្ចប់។
លោកថ្លែងថា៖ «ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ Patimban ដែលជាគម្រោងមួយក្នុងចំណោមគម្រោងយុទ្ធសាស្ត្រជាតិ បានបញ្ចប់ហើយ។ ជាមួយទីតាំងយុទ្ធសាស្ត្រ ខ្ញុំជឿជាក់ថា Patimban នឹងក្លាយជាគន្លឹះក្នុងការតភ្ជាប់វិស័យផ្សេងៗពីផលិតកម្មឧស្សាហកម្ម រហូតដល់កសិកម្ម និងបង្កើនការនាំចេញ”។
ដោយទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន កំពង់ផែនេះត្រូវបានគេរំពឹងថា នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល ២២ ឆ្នាំនៅក្នុងត្រីមាសទី៣។
គួរឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ទិសដៅកំពង់ផែនេះដើម្បីជំរុញការប្រកួតប្រជែងនៃការនាំចេញរបស់ឥណ្ឌូនេស៊ី ជាពិសេសនៅក្នុងវិស័យរថយន្ត៕