ឱ្យតែដាក់លេខសម្ងាត់លើគណនី ឬលើហ្វេសប៊ុកអីជាដើម មនុស្សជាច្រើនចំណាំតែប្រើ Password ឬឃ្លាលេខសម្ងាត់ជាភាសាអង់គ្លេស ប៉ុន្ដែមានចំណុចតូចមួយបើអ្នកអាចប្រើបាន គឺជាផលល្អដល់យើងជាអ្នកប្រើ នោះគឺប្រើលេខសម្ងាត់ជាភាសាខ្មែរ។
ហេតុអ្វីប្រើលេខសម្ងាត់ជាភាសាខ្មែរ?
មូលហេតុនោះគឺថា Hacker ឬក៏អ្នកវាយប្រហារលើអ៊ីនធឺណិត ច្រើនតែប្រើវិធីវិភាគ ឬបណ្ណាល័យលេខសម្ងាត់ (Password Library) ហើយបណ្ដាល័យលេខសម្ងាត់ទំហំរាប់រយ GB ទាំងនោះច្រើនតែជាភាសាអង់គ្លេស ដូចនេះបើយើងប្រើលេខកូដជាភាសាខ្មែរ គឺអាចគេចចេញពីផ្លូវហេគរបស់ Hacker បានមួយផ្នែក។
មួយវិញទៀត បើមាននរណាម្នាក់ព្យាយាមប៉ុនប៉ងចង់លួចគណនីរបស់អ្នក ត្រឹមអង្គុយទាយលេខកូដស្មានៗ ភាគរយខ្ពស់គេនឹងស្មានលេខកូដជាភាសាអង់គ្លេស គេអាចមិននឹកឃើញលេខកូដជាភាសាខ្មែរនោះឡើយ ព្រោះមនុស្សភាគច្រើនទម្លាប់ប្រើលេខសម្ងាត់ជាភាសាអង់គ្លេសទៅហើយ។
យ៉ាងណានេះជាវិធីសាស្ត្រសុវត្ថិភាពបឋមលើលេខសម្ងាត់គណនី ត្បិតការវាយប្រហារកម្រិតខ្ពស់ដទៃទៀត គឺអាចហេគរំលងលេខសម្ងាត់បាន ម៉្លោះហើយដើម្បីសុវត្ថិភាពគណនីខ្ពស់បន្ថែម អ្នកគប្បីប្រើ មុខងារសោសុវត្ថិភាពពីរជាន់ 2 Factor Authentication ឬការពារឱ្យបាននូវ អ៊ីមែល និងលេខទូរសព្ទ ជៀសវាងមានការលួចចូលទៅប្រើគណនីជាដើម៕