[ទីផ្សារបរទេស] ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសមួយដែលត្រូវចំណាយថ្លៃបំផុតពេលដែលទិញរថយន្ត ហើយបន្ថែមពីលើហ្នឹង ពលរដ្ឋដែលចង់ប្រើប្រាស់រថយន្តលើដងផ្លូវគឺត្រូវទិញបណ្ណ័បញ្ជាក់ពីកម្មសិទ្ធិហៅកាត់ថា COE ដែលតម្លៃរបស់វាបន្តឡើងថ្លៃជាបន្តបន្ទាប់។
COE នីមួយៗមានសុពលភាពរយៈពេល១០ឆ្នាំ ហើយតម្លៃរបស់វាមានដាក់លក់ដេញថ្លៃខុសៗគ្នាទៅតាមប្រភេទរថយន្ត។ COE សម្រាប់រថយន្តដែលស្ថិតក្នុងលំដាប់ A គឺសម្រាប់រថយន្តដែលមានម៉ាស៊ីនចំណុះ ១,៦លីត្រ ឬកម្លាំងក្រោម ១៣០សេះ ដោយបច្ចុប្បន្ននេះ COE សម្រាប់រថយន្តនេះមានតម្លៃចាប់ពីប្រមាណ ៧៦ ០០០ដុល្លារ។
ដោយឡែក COE សម្រាប់រថយន្តប្រភេទ D ដែលប្រើជាមួយរថយន្តមានម៉ាស៊ីនលើសពី ១,៦លីត្រ ឬលើសពី ១៣០សេះ មានតម្លៃរហូតដល់ប្រមាណ ១០ម៉ឺនដុល្លារ ចំណែក COE ប្រភេទ Open ដែលមានន័យថាអាចប្រើជាមួយរថយន្តណាក៏បាននោះ គឺមានតម្លៃដល់ ១១២ ០០០ដុល្លារ។
ក្រៅពីនេះក៏មាន COE សម្រាប់រថយន្តពាណិជ្ជកម្ម ដែលមានជារថយន្តក្រុង និងរថយន្តវ៉ែន គឺមានតម្លៃប្រមាណ ៦៣ ០០០ដុល្លារ ហើយ COE សម្រាប់ម៉ូតូវិញគឺមានតម្លៃជិះ ៨ពាន់ដុល្លារ។
គួរដឹងថាការដាក់ចេញនូវ COE នេះគឺដើម្បីទប់ស្កាត់កំណើនរថយន្តលើដងផ្លូវ ដោយប្រទេសតូចមួយនេះបានកំណត់ចំនួនយានយន្តលើដងផ្លូវត្រឹមតែប្រមាណ ៩៥ម៉ឺនគ្រឿងប៉ុណ្ណោះ។
តម្លៃនៃ COE នេះដែរ បានថយចុះនៅចាប់ពីប្រមាណ ២២ ០០០ដុល្លារ កាលពីឆ្នាំ២០២០ នៅពេលដែលពលរដ្ឋកាត់បន្ថយការប្រើប្រាស់យានយន្តដោយសារជំងឺកូវីដ១៩។ យ៉ាងណាក្ដី វាបានចាប់ផ្ដើមឡើងថ្លៃមួយទ្វេជាបី ដោយសារសេដ្ឋកិច្ចចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញ៕