[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki ដែលជាអ្នកផលិតយានយន្តមានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុន បានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យមួយ ដោយអាចលក់ចេញរថយន្តបាន ៨០លានគ្រឿងទូទាំងពិភពលោក គិតត្រឹមចុងខែសីហា ឆ្នាំ២០២៣។
ក្នុងចំណោមរថយន្តដែលលក់ចេញបាន ៨០លានគ្រឿងនោះ មាន ៣៦% គឺលក់ចេញនៅប្រទេសជប៉ុន ១០% លក់ចេញនៅអឺរ៉ុប ១៣,៥% លក់ចេញនៅអាស៊ី ៣២,៦%លក់ចេញនៅឥណ្ឌា និង ៧,៨% ទៀតគឺនៅតាមតំបន់ផ្សេងៗជុំវិញពិភពលោក។
ដំណើរឆ្ពោះទៅកាន់រថយន្តទី ៨០លានគ្រឿង បានចាប់ផ្ដើមនៅពេលដែលក្រុមហ៊ុនជប៉ុនមួយនេះចាប់ផ្ដើមផលិតរថយន្តទំហំតូចរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ នៅខែតុលា ឆ្នាំ១៩៥៥។ ការប្រកាសចេញរថយន្ត Fronte 800 ក្នុងឆ្នាំ១៩៦៥ កត់ត្រាថាជាការឈានជើងចូលវិស័យរថយន្តអ្នកដំណើរជាផ្លូវការ។
Suzuki បានពង្រីកខ្លួនទៅកាន់បរទេសនៅក្នុងឆ្នាំ១៩៥៩ ហើយនៅឆ្នាំ១៩៧៥ ក្រុមហ៊ុនបានចាប់ផ្ដើមការផលិតរថយន្តនៅបរទេសជាលើកដំបូងគឺនៅរោងចក្រក្នុងប្រទេសប៉ាគីស្ថាន ដែលក៏ជាការចាប់ផ្ដើមដ៏ជោគជ័យនៃការបើករោងចក្រនៅក្រៅប្រទេសតាមបណ្ដាប្រទេសដទៃ មានដូចជានៅប្រទេសឥណ្ឌានៅឆ្នាំ១៩៨៣ និងនៅប្រទេសហុងគ្រី ក្នុងឆ្នាំ១៩៩២។
ក្នុងចំណោមរថយន្ត Suzuki ដែលភាគច្រើនជារថយន្តទំហំតូច រថយន្តម៉ូដែល Alto មានភាពលេចធ្លោជារថយន្តលក់ដាច់បំផុត ដោយក្រោយពីចេញលក់នៅក្នុងឆ្នាំ១៩៧៩ វាមានចំណែក ២០% នៃចំនួនលក់ ៨០លានគ្រឿងដែលសម្រេចបាន៕