យើងអាចនិយាយបានថា បច្ចុប្បន្ននេះហាង Starbucks គឺមានសឹងតែគ្រប់តំបន់ទាំងអស់ ជាពិសេសបណ្តាប្រទេសធំៗ។ ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែគ្រោងបន្ថែមទីតាំងរាប់ពាន់កន្លែងបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុខនេះ។
ក្រុមហ៊ុន Starbucks បានឲ្យដឹងថា ខ្លួនគ្រោងនឹងបង្កើនចំនួនហាងរបស់ខ្លួនឲ្យបានប្រហែល ៥៥ ០០០ កន្លែង នៅឆ្នាំ ២០៣០ ដែលកើនឡើងពីប្រហែល ៣៣ ០០០ កន្លែងនាពេលបច្ចុប្បន្ននេះ។
គួរឲ្យដឹងថា ក្រុមហ៊ុនខាងលើនឹងបង្កើតហាងប្រភេទថ្មី រួមទាំង ហាងដែលមានទីតាំងតូចៗ និងហាងដែលអាចបើកឡានចូលទិញ (drive-thru) និង ហាងលក់តាមឡានដឹកទំនិញ ដើម្បីអាចដណ្តើមអតិថិជនពីគូប្រកួតប្រជែង។
លោក Roz Brewer ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Starbucks បានមានប្រសាសន៍ថា ទ្រង់ទ្រាយថ្មីនេះអាចជួយកាត់បន្ថយការកកស្ទះនៅក្នុងហាងមួយចំនួនបាន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិងកំពុងតែរើបម្រាស់ចេញពីបញ្ហា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។ មកទល់ពេលនេះ ការលក់នៅហាង Starbucks ដែលបើកយ៉ាងហោចណាស់ ១៣ ខែ បានធ្លាក់ចុះ ៩ ភាគរយនៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ ខែចុងក្រោយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕