[ទីផ្សារបរទេស] ក្រុមហ៊ុន Genesis បានបំបែកខ្លួនពីក្រុមហ៊ុន Hyundai ជាម៉ាកផ្ទាល់ខ្លួនកាលពីចុងឆ្នាំ២០១៥ ហើយការសម្រេចចិត្តនេះអាចជាការសម្រេចចិត្តដ៏ជោគជ័យមួយ ព្រោះគិតត្រឹមខែសីហា ក្រុមហ៊ុនប្រណីតនេះ អាចលក់រថយន្តបានដល់ ១លានគ្រឿងទៅហើយ។
ក្នុងសេចក្ដីចុះផ្សាយរបស់ Genesis បានបញ្ជាក់ថា រថយន្តចំនួន ១ ០០៨ ៨០៤គ្រឿង បានលក់ចេញនៅទូទាំងពិភពលោក ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងមក។ មួយចំណែកធំនៃរថយន្តនេះ បានលក់នៅក្នុងទីផ្សារក្នុងស្រុក ពោលគឺចំនួន ៦៩០ ១៧៧គ្រឿង។
ចំណែករថយន្តចំនួន ៣១៨ ៦២៧គ្រឿង ទៀត បានលក់ចេញលើទីផ្សារដទៃទៀត នាំមុខដោយសហរដ្ឋអាមេរិកដែលលក់ចេញបានជាង ២២,៥ម៉ឺនគ្រឿង។ចំណែករថយន្តដែលលក់ដាច់ជាងគេនោះ មិនមែនជារថយន្ត SUV ឡើយ ប៉ុន្តែគឺជារថយន្ត Sedan G80។
ម៉ាកប្រណីត Genesis បានចាប់ផ្ដើមជាមួយរថយន្ត Sedan G90 នៅកូរ៉េខាងត្បូង បន្ទាប់មកក៏បានប្រកាសចេញរថយន្ត G80 នៅឆ្នាំ២០១៦ ហើយរថយន្ត G70 ក៏បង្ហាញវត្តមានបន្តតាមក្រោយ។
៤ឆ្នាំក្រោយមកទៀត Genesis បានប្រកាសចេញរថយន្ត SUV ដំបូងរបស់ខ្លួន ចាប់ផ្ដើមជាមួយរថយន្ត GV80 នៅដើមឆ្នាំ២០២០ តាមពីក្រោយដោយរថយន្ត GV70 នៅចុងឆ្នាំ និងចុងក្រោយគឺរថយន្តអគ្គិសនី GV60។
គួរដឹងថា Genesis បានចំណាយពេលជាង ៥ឆ្នាំ ដើម្បីអាចលក់រថយន្តបាន ៥០ម៉ឺនគ្រឿងនៅទូទាំងពិភពលោក ខណៈដែល ៥០ម៉ឺនគ្រឿងទៀត អាចសម្រេចបានក្នុងពេលត្រឹម ២ឆ្នាំប៉ុណ្ណោះ៕
ប្រភព ៖ Motor1