Ram បានប្រកាសនាំយក Supertruck របស់ខ្លួន TRX ត្រឡប់មកវិញជាផ្លូវការ សម្រាប់ឆ្នាំម៉ូដែល ២០២៧ ដោយភ្ជាប់ស្លាក SRT និងម៉ាស៊ីន Hemi V-8 Supercharged កម្លាំងខ្លាំងដល់ 777 សេះ ដែលធ្វើឲ្យវាក្លាយជារថយន្ត pickup ប្រភេទ half-ton ខ្លាំងបំផុតមួយលើទីផ្សារ។

TRX ថ្មី មានរូបរាងស្ទើរតែដូចជំនាន់មុនៗ ប៉ុន្តែបានបន្ថែមកំណែពិសេស Bloodshot Night Edition ជាមួយពណ៌ពីរទំរង់ និងលម្អស្លាក TRX ថ្មីដែលមានរូបក្បាលដាយណូរស័រ T-Rex។ ការត្រឡប់មកវិញនេះ ក៏សម្គាល់ដល់ការចាប់ផ្តើមឡើងវិញនៃផ្នែក Street and Racing Technology (SRT)ផងដែរ។

ម៉ាស៊ីន V-8 កាន់តែសាហាវដោយលោក Tim Kuniskis ប្រធានក្រុមហ៊ុន Ram បានបញ្ជាក់ថា ម៉ាស៊ីន Hemi V-8 ថ្មីនេះ មិនមែនគ្រាន់តែជាការកែសំរួលពីម៉ាស៊ីន 6.2 លីត្រ ចាស់នោះទេ ប៉ុន្តែជាជំនាន់ថ្មីទាំងស្រុង ដោយមានការកែប្រែទាំងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន ដែលទទួលបានការគាំទ្រពី Direct Connection របស់ Mopar។


ដោយមានជំនួយពី supercharger ទំហំ 2.4 លីត្រ TRX ថ្មី បានបន្ថែមកម្លាំង 75 សេះ និងកម្លាំងបង្វិល 30 Nm ធ្វើឲ្យសរុបដល់ 777 សេះនិង 922 Nm។ កម្លាំងនេះ ត្រូវបានបញ្ជូនទៅកង់ទាំងបួន តាមរយៈប្រអប់លេខអូតូ 8 វគ្គ ដែលបានធ្វើបច្ចុប្បន្នភាព។ Ram អះអាងថា TRX ដែលមានស្លាក SRT អាចបស្ទុះពី 0 ដល់ 100 Km/h ចាយពេល 3.5 វិនាទី លឿនជាងជំនាន់មុន 1 វិនាទីពេញ និងល្បឿនអតិបរមា 190 km/h។

TRX នៅតែប្រើកង់ off-road Goodyear Wrangler Territory ទំហំ 35 អ៊ីញ ជាមួយស៊ុមរឹងមាំ និងប្រព័ន្ធប៊ូមមានជំហ៊ានវែង ដែលប្រើ Bilstein Black Hawk e2 adaptive dampers ជំនាន់ថ្មី និងប្រព័ន្ធ five-link coil-spring នៅកង់ក្រោយ ដែលមានកម្ពស់រថយន្តពីដី 11.8 អ៊ីញហើយមុំចូល មុំកណ្ដាល និងមុំចេញ ល្អប្រសើរជាងមុនបន្តិច។

ខាងក្នុង TRX ថ្មី កាន់តែប្រណិត ជាមួយចង្កូតស្បែក ផ្ទៃ dashboard និងផ្នែកផ្សេងៗ ត្រូវបានគ្របដោយស្បែក ខណៈសរសៃកាបូនដែលឃើញ គឺជាសរសៃពិត។ អ្នកបើកបរក៏ទទួលបានអេក្រង់ឌីជីថល 12.3 អ៊ីញ និងអេក្រង់កណ្ដាល 14.5 អ៊ីញ ប្រើប្រព័ន្ធ Uconnect 5 គ្រប់គ្រងប្រព័ន្ធសម្លេង Harman Kardon 19 peaker។ ជាលើកដំបូង TRX ក៏មានមុខងារ ជំនួយការបើកបរដោយមិនចាំបាច់ចាប់កាន់ចង្កូតលើផ្លូវដែលគាំទ្របានល្អ។


Ram 1500 SRT TRX 2027 គ្រោងចូលទីផ្សារនៅពាក់កណ្តាលក្រោយឆ្នាំនេះ ជាមួយតម្លៃចាប់ផ្តើមប្រហែល 102,590 ដុល្លារ។




