Apple Event យប់នេះនឹងប្រព្រឹត្តិទៅថ្ងៃទី១២ ខែកញ្ញា ម៉ោង ១០ព្រឹក ត្រូវនឹងម៉ោង ០០ ពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ នៃម៉ោងនៅកម្ពុជា។ យប់នេះដែលគេរំពឹងថា នឹងមានការប្រកាសចេញផលិតផលធំៗចំនួន៤៖
១. iPhone 15 គេរំពឹងថាវានឹងមាន ៤ម៉ូឌែលដូចឆ្នាំមុន តែឆ្នាំនេះ រាល់ iPhone ទាំងអស់រំពឹងថានឹងប្ដូរទៅប្រើថ្ងាសឆក Dynamic Island ទាំងអស់ និងប្ដូរទៅប្រើរន្ធសាកថ្មី USB-C ទាំងអស់ផងដែរ។
ដោយឡែកចំពោះតែម៉ូឌែល Pro គេរំពឹងថាវានឹងប្រើស៊ុមការពារថ្មីជា ទីតានីញ៉ូម បំពាក់លែនកាមេរ៉ាថ្មី អាចថតពង្រីក x6 និងអាចបំពាក់ ប៊ូតុង Action សម្រាប់ចូលទៅប្រើមុខងារជាច្រើន ដែលវាជាប៊ូតុងធ្លាប់ឃើញមានលើ Apple Watch Ultra។
២. Apple Watch 9 គេរំពឹងថាវាទាន់មានការផ្លាស់ប្តូរការរចនាថ្មី ឬមុខងារថ្មីទាក់ទងនឹងសុខភាពនោះទេ ដោយគ្រាន់តែអាប់ឌែតទៅលើផ្នែកខាងក្នុងប៉ុណ្ណោះ។ ដូចជាប្ដូរទៅប្រើឈីប S9 ដែលធ្លាប់ប្រើលើ បច្ចេកវិទ្យាឈីប A155 ហើយវាក៏ជាការអាប់ឌែតដំបូង សម្រាប់ឈីបនាឡិកា Apple តាំងពី Apple Watch Series 6 មកផងដែរ។
កម្លាំងម៉ាស៊ីន រួមទាំងថាមពលថតក៏នឹងប្រសើរជាងមុនដូចគ្នា។ ក៏នឹងមានអាប់ឌែតដែរទៅលើ ឧបករណ៍ចាប់សញ្ញាបេះដូងអុបទិក និងបន្ទះឈីបថ្មី “U2” Ultra Wideband ដែលនឹងផ្តល់ឱ្យការកំណត់ទីតាំងកាន់តែជាក់លាក់ជាងមុន។
៣. Apple Watch Ultra 2 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញដែរ ដោយ វានឹងទទួលបានបន្ទះឈីបថ្មី S9 ដូចគ្នាទៅនឹង Apple Watch Series 9 ខាងលើ រួមទាំងឈីប Ultra Wideband ក៏នឹងត្រូវបានអាប់ឌែតបន្ថែមផងដែរ។ ក្រៅពីនេះគេរំពឹងថាម៉ូឌែលថ្មី នឹងស្រាលជាងជំនាន់ទី១ ហើយអាចនឹងមានពណ៌ថ្មី ជាពណ៌ខ្មៅទីតាញ៉ូមផងដែរ។
៤. AirPods Pro ដែលនឹងប្ដូររន្ធសាក USB-C លើប្រអប់ គេរំពឹងថា Apple នឹងបញ្ចេញ AirPods Pro 2 តែអាប់ឌែតទៅប្រើរន្ធសាកលើប្រអប់ជា USB-C ដែលវាស្របគ្នាទៅនឹង iPhone 15។