សព្វថ្ងៃកម្មវិធីធនាគារ ឬ Mobile App កាន់តែទំនើប និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាន់ ដើម្បីការពារពីការវាយប្រហារផ្សេងៗ និងការក្លែងបន្លំនានាជនខិលខូច ប៉ុន្ដែទោះការពារខ្លាំងយ៉ាងណា បើយើងអ្នកប្រើចន្លោះប្រហោង ខ្វះការប្រុងប្រយ័ត្ន នោះលុយរបស់យើងអាចជួបហានិភ័យ តាមវិធីផ្សេងៗដូចយើងមានរៀបរាប់តទៅនេះ៖
១. កុំឱ្យគេដឹងព័ត៌មានសម្ងាត់របស់គណនីធនាគារ
ដូចជាពាក្យសម្ងាត់ ឬលេខសម្ងាត់ សារលេខកូដ OTP សម្រាប់បញ្ជាក់ពេល log in និងស៊ីមកាតជាដើម ព្រោះព័ត៌មានទាំងនេះសំខាន់ណាស់ អាចឱ្យជនខិលខូចឆ្លៀតឱកាសចូលទៅប្រើគណនីធនាគាររបស់អ្នក។
មួយវិញទៀត រក្សាទុកឱ្យបាន លេខកាតឥណទានរបស់អ្នក ទាំងលេខកាត ១៦ខ្ទង់ ថ្ងៃខែផុតកំណត់កាត និងលេខកូដ CVV របស់កាត ព្រោះព័ត៌មានទាំងនេះ បើកាតរបស់អ្នកជា VISA ឬ Master Card នឹងអាចធ្វើប្រតិបត្តិការលើអនឡានបាន។
២. កុំចុចលីង ឬបញ្ចូលព័ត៌មានសម្ងាត់តាមលីង ដែលគ្មានប្រភពច្បាស់លាស់
ជាករណីសំខាន់ផងដែរ ត្បិតលីងខ្លះបង្កើតឡើងមកដូចទៅនឹងវ៉ិបសាយរបស់ធនាគារ ដើម្បីបន្លំភ្នែកអ្នកប្រើ គឺ hacker បង្កើតវាឡើងក្នុងគោលបំណងលួចយកព័ត៌មាន ឬគណនីគណនីអ្នកប្រើ។ ព្រោះថា បើគេទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីអ្នកហើយ គេអាចបង្កើតរូបភាពផ្សេងៗ ឬសេណារីយ៉ូគួរឱ្យទុកចិត្តណាមួយ ដើម្បីបន្លំ ឬឆបោកអ្នក។
យើងសូមឧទហាហរណ៍ថា ជនបោកប្រាស់ដឹងគ្រប់យ៉ាងពីយើង ហើយគេបន្លំធ្វើជាភ្នាក់ងារធនាគារខលមកអ្នកស្នើសុំលេខកូដចូលប្រើគណនី ឬករណីបន្ទាន់ណាមួយ តម្រូវឱ្យអ្នកផ្ញើលុឱ្យគេជាមុន ព្រោះអ្នកអាចទុកចិត្តជនបោកប្រាស់នោះ ត្បិតគេហាក់ស្គាល់អ្នកច្បាស់ តាមរយៈព័ត៌មានលេខធ្លាយ តាមការបញ្ចូលទៅវ៉ិបសាយទាំនោះ។
៣. កុំផ្ញើប្រាក់ ដោយមិនបានឆែកព័ត៌មានអ្នកទទួលច្បាស់លាស់
នេះជាករណីសាមញ្ញមួយកម្រនឹងធ្វើឱ្យបាត់បង់ប្រាក់កាសរបស់អ្នក ប៉ុន្ដែថ្វីត្បិតសាមញ្ញវានៅតែអាចកើតឡើង។
ឧទាហរណ៍ថា ជនបោកប្រាស់បានដាក់ ឬលួចបិទលេខគណនីរបស់ខ្លួន ឬ KHQR សម្រាប់ស្គេនទទួលប្រាក់ នៅកន្លែងហាងលក់ដូរណាមួយ នោះអ្នកនឹងបង់ប្រាក់ទៅ មិនចូលទៅហាង បែរជាចូលទៅជនបោកប្រាស់នោះទៅវិញ។ ឬវាអាចកើតឡើងក្នុងករណីដទៃទៀត មានអ្នកខលមកបន្លំជាបងប្អូន ឬជាកូនចៅ ប៉ុន្ដែពេលវេរលុយទៅ បែរជាចេញឈ្មោះគណនីផ្សេងទៅវិញ។ ដូចនេះទោះជាករណីកម្រកើតមាន ប៉ុន្ដែអ្នកគប្បីប្រុងប្រយ័ត្ន។
សរុបមក ទាំង៣ចំណុចគោលធំៗនេះ គឺអាចការពារលុយកាក់របស់អ្នកបានច្រើនបំផុត ចេញពីកត្តាផ្ទាល់ខ្លួន បន្ថែមពីលើប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ៕