[ទីផ្សារបរទេស] សមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈនៅតែជាចំណុចដ៏ទាក់ទាញមួយ នៅពេលដែលអតិថិជនភាគច្រើនស្វែងរកទិញរថយន្ត។ តទៅនេះ មកស្គាល់រថយន្ត១០ម៉ូដែល ដែលស៊ីប្រេងតិចជាងគេប្រចាំឆ្នាំ២០២៣នេះ ដោយរាប់តែរថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈ និងរថយន្ត Hybrid ប៉ុណ្ណោះ៖
១០. MITSUBISHI MIRAGE HATCHBACK ៖ ស៊ីប្រេងជាមធ្យម ៦,០៣លីត្រ ក្នុង១០០គ.ម
សន្សំសំចៃប្រេងបានល្អបែបនេះក៏ដោយសារតែ រថយន្តម៉ូដែលនេះប្រើប្រាស់ម៉ាស៊ីនតូចទំហំ ១,២លីត្រ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៧៦សេះ ខណៈតម្លៃលើទីផ្សារអាមេរិកគឺក្រោម ១៨ ០០០ដុល្លារ។
៩. TOYOTA CROWN ៖ ស៊ីប្រេងជាមធ្យម ៥,៧៣លីត្រ ក្នុង១០០គ.ម
ជាមួយប្រព័ន្ធបើកបរប៉ុងពីរមកជាស្តង់ដារ អាចនិយាយបានថា TOYOTA CROWN ស៊េរីឆ្នាំ២០២៣ សន្សំសំចៃប្រេងបានល្អ ហើយតម្លៃរបស់វាលើទីផ្សារអាមេរិកគឺមានចាប់ពីប្រមាណ ៤១ ០០០ដុល្លារ។
៨. LEXUS ES 300H ៖ ស៊ីប្រេងជាមធ្យម ៥,៣៤លីត្រ ក្នុង១០០គ.ម
វាជារថយន្តប្រណីតដែលសន្សំសំចៃប្រេងបានល្អ ដែលមានប្រព័ន្ធម៉ាស៊ីន Hybrid អាចផលិតកម្លាំងបាន ២១៥សេះ ជាមួយតម្លៃចាប់ពី ៤៥ ០០០ដុល្លារ លើទីផ្សារអាមេរិក។
៧. HONDA ACCORD HYBRID ៖ ស៊ីប្រេងជាមធ្យម ៤,៩លីត្រ ក្នុង១០០គ.ម
រថយន្ត Accord Hybrid គឺជាជម្រើសមួយក្នុងចំណោមជម្រើសរថយន្ត Hybrid តែពីរប្រភេទប៉ុណ្ណោះដែល Honda មានសម្រាប់អតិថិជន។ រថយន្តនេះមានតម្លៃប្រមាណ ៣៣ ០០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក។
៦. TOYOTA COROLLA HYBRID ៖ ស៊ីប្រេងជាមធ្យម ៤,៧លីត្រ ក្នុង១០០គ.ម
រថយន្ត Sedan នេះ ស៊ីប្រេងជាមធ្យម ៤,៧លីត្រ សម្រាប់ប្រភេទប្រើប្រព័ន្ធបើកបរប៉ុងមុខ ហើយសម្រាប់ប្រភេទប៉ុងពីរក៏មិនអន់ប៉ុន្មានដែរ ដោយមានកម្រិតស៊ីប្រេង ៤,៩លីត្រ។ រថយន្តនេះលក់លើទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃប្រមាណ ២៤ ០០០ដុល្លារ។
៥. HYUNDAI SONATA HYBRID BLUE ៖ ស៊ីប្រេងជាមធ្យម ៤,៥២លីត្រ ក្នុង១០០គ.ម
រថយន្ត SONATA HYBRID BLUE ស៊េរីឆ្នាំ២០២៣ អាចផលិតកម្លាំងបានសរុប ១៩២សេះ ដោយវាមានតម្លៃប្រមាណ ២៩ ០០០ដុល្លារ លើទីផ្សារអាមេរិក។
៤. TOYOTA CAMRY HYBRID LE ៖ ស៊ីប្រេងជាមធ្យម ៤,៥២លីត្រ ក្នុង១០០គ.ម
រថយន្ត Camry Hybrid ដែលស៊ីប្រេងតិចជាងគេគឺជា Option LE ដែលវាអាចផលិតកម្លាំងបាន ២០៨សេះ និងមានតម្លៃប្រមាណ ៣ម៉ឺនដុល្លារ។
៣. KIA NIRO HYBRID ៖ ស៊ីប្រេងជាមធ្យម ៤,៤៣លីត្រ ក្នុង១០០គ.ម
រថយន្តមួយម៉ូដែលនេះ ជាម៉ូដែលដែលសន្សំសំចៃប្រេងបានល្អដាច់គេប្រចាំម៉ាកកូរ៉េ Kia ដោយវាមានតម្លៃចាប់ពីប្រមាណ ២៨ ០០០ដុល្លារ។
២. HYUNDAI ELANTRA HYBRID BLUE ៖ ស៊ីប្រេងជាមធ្យម ៤,៣៥លីត្រ ក្នុង១០០គ.ម
ជាមួយម៉ាស៊ីន ១,៦លីត្រ ៤ស៊ីឡាំង រថយន្ត Hybrid មួយនេះ ផលិតកម្លាំងបានសរុប ១៣៩សេះ និងមានតម្លៃប្រមាណ ២៦ ០០០ដុល្លារ។
១. TOYOTA PRIUS ៖ ស៊ីប្រេងជាមធ្យម ៤,១២លីត្រ ក្នុង១០០គ.ម
មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលរថយន្ត Toyota Prius ឆ្នាំ២០២៣ ឈរលេខមួយជារថយន្តស៊ីប្រេងតិចជាងគេ ដោយសារតែវាមានបំពាក់បច្ចេកវិទ្យា Hybrid ដ៏វៃឆ្លាតរបស់ Toyota មានម៉ាស៊ីន២,០លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៩៤សេះ និងមានតម្លៃប្រមាណ ២៩ ០០០ដុល្លារ៕
ប្រភព ៖ Capital One