ក្រុមហ៊ុនអាវកាស SpaceX របស់មហាសេដ្ឋី Elon Musk នឹងបង្ហោះផ្កាយរណបសម្រាប់ទ្រទ្រង់ មុខងារ Emergency SOS របស់ iPhone 14។ ដែលការបាញ់បង្ហោះនេះត្រូវបានចចារទិញក្នុងតម្លៃ ៦៤លានដុល្លារ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ពីក្រុមហ៊ុន Globalstar ដែលជាដៃគូរបស់ Apple កន្លងមក។ នេះបើយោងទៅតាម របាយការណ៍ពីសារព័ត៌មាន Nola។
គម្រោងចំណាយទឹកប្រាក់ដ៏ច្រើននេះ គេសន្និដ្ឋានថា មុខងារ Emergency SOS នឹងចាប់ផ្ដើមគិតថ្លៃពីអតិថិជន អ្នកប្រើ iPhone 14 និងអនាគត iPhone 15 ដែលគ្រោងនឹងបន្តប្រើមុខងារនេះដដែល។
កន្លងមក Apple បានដាក់ឱ្យប្រើមុខងារនេះ ដោយមិនយកប្រាក់ឡើយក្នុងរយៈពេល២ឆ្នាំ ចំពោះប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អៀរឡង់ ចក្រភពអង់គ្លេស អូទ្រីស បែលហ្ស៊ិក អ៊ីតាលី លុចសំបួ ហូឡង់ អូស្ត្រាលី នូវែលសេឡង់ និងព័រទុយហ្គាល់។
គួរបញ្ជាក់ថា Emergency SO គឺជាមុខងារមុខងារពិសេស ដែល Apple បានបំពាក់លើ iPhone 14 គ្រប់ម៉ូឌែល ត្បិតទូរសព្ទអាចភ្ជាប់ទៅកាន់ផ្កាយរណប និងហៅទៅភ្ងាក់ងារសង្គ្រោះបន្ទាន់ ក្នុងករណីទូរសព្ទផុតដែនសេវា (សេវាអង់តែន) ឬជួបគ្រោះថ្នាក់ក្នុងព្រៃ ឬឡើងភ្នំជាដើម៕