នៅក្នុងពេលវេលាធម្មតា សណ្ឋាគារ Hotel Avenir Montmartre គឺជាកន្លែងដែលស្រូបយកភ្ញៀវទេសចរណ៍មួយ ដោយសារតែវាអាចមើលឃើញទេសភាព នៃប៉ម Eiffel Tower និង ព្រះវិហារ Sacre Coeur Basilica ប៉ុន្តែ Covid-19 បានបន្លាចភ្ញៀវទេសចរណ៍បាត់អស់រលីងតែម្តង។ ទោះជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះមិនបិទទ្វារឡើយ សុខចិត្តបើកទ្វាររបស់ខ្លួនសម្រាប់អ្នកគ្មានផ្ទះសម្បែង។
អ្នកគ្រប់គ្រងសណ្ឋាគារខាងលើ បានប្រគល់បន្ទប់សណ្ឋាគាររបស់ខ្លួន ឲ្យទៅ Emmaus Solidarite ដែលជាអង្គការជួយដល់អ្នកគ្មានផ្ទះសម្បែង ដែលនឹងប្រើបន្ទប់ទាំងនោះ ដើម្បីឲ្យមនុស្សដែលគ្មានផ្ទះនៅ ស្នាក់នៅ។
បុរសគ្មានផ្ទះសម្បែងម្នាក់ ឈ្មោះថា Ibrahim មកពីប្រទេសអាហ្វ្រិកខាងលិច ដែលជាធម្មតាស្នាក់នៅក្នុងផ្ទះបាយនៃភោជនីយដ្ឋានមួយ បាននិយាយថា “ពេលខ្ញុំបានមកដល់ទីក្រុងប៉ារីសដំបូង ខ្ញុំមិនស្គាល់នរណាម្នាក់ឡើយ។ ខ្ញុំបានដើរត្រាច់ចរគ្មានគោលដៅនោះទេ ហើយពេលខ្លះខ្ញុំដេកនៅក្នុងផ្ទះបាយគេ”។
លោក Ibrahim បានបន្ថែមថា “ថ្ងៃខ្លះខ្ញុំរកបានការងារតូចតាចមួយ ហើយខ្ញុំអាចរកលុយបានប្រហែល ៤០ផោន, ៣០ផោន, ៥០ផោន ជាដើម។ ពេលដែលខ្ញុំរកលុយបាន ខ្ញុំជួលកន្លែងគេដេក អស់ ៣០ផោន ប៉ុន្តែខ្ញុំមិនអាចធ្វើបែបនេះបានមួយជីវិតនោះទេ”។
គួរឲ្យដឹងថា នៅសណ្ឋាគារ Hotel Avenir Montmartre នោះ តម្លៃសម្រាប់បន្ទប់របស់លោក ត្រូវខាង Emmaus Solidarite ជាអ្នករ៉ាប់រង គួបផ្សំទាំងលោកទទួលបានអាហារ ៣ ពេលក្នុងមួយថ្ងៃ ហើយក្នុងបន្ទប់មានទូរទស្សន៍ ផងដែរ៕