ណាសា កំពុងតែចំណាយលុយឲ្យក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅរដ្ឋ Colorado សហរដ្ឋអាមេរិក ១ ដុល្លារ ដើម្បីប្រមូលដុំថ្មតូចៗពីព្រះឋានច័ន្ទ។
Lunar Outpost គឺជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៤ ដែលទទួលបានកិច្ចសន្យាដើម្បីប្រមូលយកដី ឬថ្មពីឋានព្រះច័ន្ទ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិកខាងលើ ក្នុងទំហំទឹកប្រាក់សរុប ២៥ ០០១ ដុល្លារ។
ណាសា នឹងប្រើដីនោះនៅក្នុងកម្មវិធី Artemis របស់ខ្លួន ដែលមានគោលបំណងបញ្ជូនបុរស និងស្ត្រីម្នាក់ទៀត ទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ ២០២៤។
គួរឲ្យដឹងថា អ្នកដេញថ្លៃដែលឈ្នះផ្សេងទៀត គឺមានដូចជា ក្រុមហ៊ុន Masten Space Systems ដែលមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក និង ក្រុមហ៊ុន ispace ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វានៅអឺរ៉ុប។
ណាសា នឹងបង់លុយឲ្យក្រុមហ៊ុនទាំងនោះសម្រាប់ការប្រមូលដុំថ្មពីឋានព្រះច័ន្ទរៀងៗខ្លួន ដែលមានទម្ងន់ពី ៥០ ក្រាមទៅ ៥០០ ក្រាម៕