ដាណឺម៉ាក នឹងបញ្ចប់រាល់ការរុករកប្រេង និងឧស្ម័នថ្មីនៅសមុទ្រខាងជើង (North Sea) ដែលជាផ្នែកនៃផែនការដ៏ធំមួយ ដើម្បីបញ្ឈប់ការទាញយកប្រេងឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០។
រដ្ឋាភិបាលរបស់ដាណឺម៉ាកក៏បានយល់ព្រមលុបចោលការផ្តល់អាជ្ញាប័ណ្ណចុងក្រោយរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុន ស្រាវជ្រាវ និងផលិតប្រេង និងឧស្ម័ន។
រដ្ឋមន្រ្តីអាកាសធាតុនៃប្រទេសដាណឺម៉ាក បានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងតែបញ្ចប់នូវយុគសម័យហ្វូស៊ីល”។
គួរឲ្យដឹងថា បច្ចុប្បន្នប្រទេសដាណឺម៉ាក គឺជាអ្នកផលិតប្រេងធំជាងគេនៅសហភាពអឺរ៉ុប ទោះបីជាប្រទេសនេះផលិតតិចជាងប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ដូចជា ន័រវែស ឬអង់គ្លេសក៏ដោយ។ វាបានបូមប្រេងចំនួន ១០៣ ០០០ បារ៉ែលឯណោះក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០១៩៕