ក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងចាប់ផ្តើមធ្វើការហោះហើរ ដោយដឹកនិយោជិករបស់ខ្លួន រួមទាំងនាយកប្រតិបត្តិកំពូលៗ និងអ្នកយកព័ត៌មាន នៅលើយន្តហោះ Boeing 737 Max របស់ខ្លួន នៅសប្តាហ៍នេះ ក្នុងក្តីសង្ឃឹមបង្កើនទំនុកចិត្តលើយន្តហោះ ដែលត្រូវបានផ្អាកអស់រយៈពេល ២០ ខែ បន្ទាប់ពីការធ្លាក់ពីរលើកដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។
នៅឯមូលដ្ឋានថែទាំរបស់ខ្លួន នៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃពុធ ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានរៀបចំវាឡើងសម្រាប់ជើងហោះហើរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន American Airlines ក៏គ្រោងនឹងអនុញ្ញាតឲ្យអតិថិជនចូលមើលយន្តហោះនៅព្រលានយន្តហោះ មុនពេលសេវាកម្មពាណិជ្ជកម្មចាប់ផ្តើមដំណើរការឡើងវិញផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ Federal Aviation Administration បានដកបម្រាមរបស់ខ្លួនលើយន្ដហោះ Boeing វិញ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្តើមហោះហើរយន្តហោះម្តងទៀត។
គួររំលឹកឲ្យដឹងថា វាត្រូវបានគេផ្អាកការហោះហើរនៅទូទាំងពិភពលោក កាលពីខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីយន្តហោះ 737 Max ស្ទើរតែថ្មី ១០០% បានធ្លាក់ពីរលើក ក្នុងរយៈពេលតិចជាង ៥ ខែ៕