Salesforce បានយល់ព្រមទិញកម្មវិធីផ្ញើសារ Slack ក្នុងតម្លៃ ២៧,៧ ពាន់លានដុល្លារ ដែលនឹងក្លាយជាការរួមបញ្ចូលបច្ចេកវិទ្យាដ៏ធំបំផុតមួយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Marc Benioff ដែលជាមេក្រុមហ៊ុន Software យក្សខាងលើ បានហៅកិច្ចព្រមព្រៀងនេះថាជាការផ្គូរផ្គងដែលត្រូវបានធ្វើឡើងនៅឋានសួគ៌។ លោកត្រូវបានគេជំរុញឲ្យពង្រីកការផ្តល់កម្មវិធីរបស់ក្រុមហ៊ុន និងរារាំងគូប្រជែង ដូចជាក្រុមហ៊ុន Microsoft ជាដើម។
ការទិញនេះធ្វើឡើងនៅពេលដែលជំងឺរាតត្បាតបានបង្កើនការផ្តោតអារម្មណ៍លើការងារ និងឧបករណ៍ពីចម្ងាយ ដូចជាSlack ជាដើម។
អ្នកវិភាគបច្ចេកវិទ្យា លោក Dan Ives នៃក្រុមហ៊ុន Wedbush Securities បានហៅការទិញនេះថា “now or never” សម្រាប់លោក Benioff ។ លោក Dan បានសរសេរនៅក្នុងកំណត់សម្គាល់មួយទៅកាន់វិនិយោគិន បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាសថា “ប្រសិនបើក្រុមហ៊ុន Salesforce ចង់ពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួនបន្ថែមទៀតនោះ នេះគឺជាពេលវេលាល្អបំផុត ហើយវាតំណាងឲ្យការប្រឆាំងនឹងក្រុមហ៊ុន Microsoft”។
គួរឲ្យដឹងថា កម្មវិធី Slack ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩។ នៅពេលដែលវាបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាសាធារណៈ នៅឆ្នាំ ២០១៩ ពេលនោះវាមានតម្លៃប្រហែល ២០ ពាន់លានដុល្លារ។ Slack មានអ្នកប្រើប្រាស់ប្រហែល ១២,៥ លាននាក់ គិតត្រឹមចុងខែមីនាកន្លងទៅ៕