តម្លៃ Bitcoin បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺជិត ២០ ០០០ ដុល្លារ រយៈពេល ៣ ឆ្នាំបន្ទាប់ពីរូបិយប័ណ្ណឌីជីថល Cryptocurrency នេះ បានឡើងដល់កម្រិតនោះលើកចុងក្រោយបង្អស់។
គួរឲ្យដឹងថា ឥឡូវនេះ Bitcoin មួយមានតម្លៃ ១៩ ៨៥០ ដុល្លារ គិតត្រឹមរសៀលថ្ងៃច័ន្ទ។ នេះបើយោងតាមសន្ទស្សន៍តម្លៃ CoinDesk។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃច័ន្ទ តម្លៃរបស់វាបានថយចុះមកនៅប្រហែល ១៩ ២២៣ ដុល្លារវិញ។
តម្រូវការសម្រាប់ Bitcoin បានកើនឡើងក្នុងអំឡុងពេលខែវិច្ឆិកា បន្ទាប់ពីមានវិនិយោគិនចាប់អារម្មណ៍ចង់វិនិយោគលើរូបិយប័ណ្ណឌីជីថល ដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០០៨ នេះ។
គួររំលឹកឲ្យដឹងថា ពេលចុងក្រោយបង្អស់ដែល Bitcoin ឈានដល់តម្លៃ ២០ ០០០ ដុល្លារ គឺក្នុងខែធ្នូ ឆ្នាំ ២០១៧។ រហូតដល់ចុងឆ្នាំ២០១៨ ទើបវាបានធ្លាក់ថ្លៃគួរឲ្យភ្ញាក់ផ្អើលវិញ ពោលគឺនៅសល់ក្រោម ៤ ០០០ ដុល្លារប៉ុណ្ណោះ៕