អង្គការ NASA និងក្រុមហ៊ុន Boeing បានប្រកាសថា ពួកគេកំពុងប្រឹងប្រែងដោះស្រាយបញ្ហាបច្ចេកទេសដែលកើតឡើងលើយានអវកាស CST-100 Starliner របស់ខ្លួន មុនពេលបាញ់បង្ហោះជាថ្មីនៅក្នុងឆ្នាំខាងមុខ។ ចំពោះបញ្ហានេះ កើតឡើងក្នុងបេសកកម្មដំបូងដែលបញ្ជូនអវកាសយានិក Butch Wilmore និង Suni Williams ទៅស្ថានីយអវកាសអន្តរជាតិ (ISS)។
- គួរឲដឹងថា ដំបូងឡើយបេសកកម្មនេះ មានគម្រោងឲ្យអវកាសយានិកស្នាក់នៅលំហររយៈពេល ១៥ ថ្ងៃ តែប៉ុណ្ណោះ ប៉ុន្តែដោយសារកំហុសដែលកើតឡើងភ្លាមៗ, នាវិកទាំងពីរត្រូវស្នាក់នៅរយៈពេល ៥ ខែ មុននឹងត្រលប់មកផែនដីជាមួយយាន Dragon របស់ SpaceX។ បច្ចុប្បន្ន NASA និង Boeing កំពុងត្រួយពិនិត្យលម្អិត និងសាកល្បងជាថ្មី ដើម្បីកំណត់ពេលវេលាសម្រាប់ការហោះហើរបន្ទាប់។
បើយោងតាមលោក Steve Stich, អ្នកគ្រប់គ្រងកម្មវិធី Commercial Crew របស់ NASA បានអះអាងថា ការហោះហើរបន្ទាប់អាចប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ទោះបីបេសកកម្មនេះជួបបញ្ហាក៏ដោយ ខណៈៈក្រុមហ៊ុន Boeing នៅតែបន្តខិតខំក្នុងការអភិវឌ្ឍ Starliner ដែលមានការចំណាយជាង ២ ពាន់លានដុល្លារ។ ក្នុងនោះ NASA និង Boeing សង្ឃឹមថា ការដោះស្រាយបញ្ហានេះ នឹងអាចធានាការហោះហើរដែលមានសុវត្ថិភាព និងជោគជ័យនៅពេលអនាគត៕