ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Toyota Motor Corp នឹងវិនិយោគរហូតដល់ ៧៣០ ពាន់លានយ៉េន ឬ ៥,២៧ ពាន់លានដុល្លារ នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវការផ្គត់ផ្គង់អាគុយរថយន្តសម្រាប់រថយន្តអគ្គិសនី។
ក្រុមហ៊ុននេះមានគោលបំណងចាប់ផ្តើមផលិតអាគុយនៅចន្លោះឆ្នាំ ២០២៤ និង ២០២៦ ជាមួយនឹងការវិនិយោគដែលមានគោលបំណងបង្កើនសមត្ថភាពផលិតកញ្ចប់អាគុយនៅក្នុងប្រទេសទាំងពីររហូតដល់ ៤០ជីហ្គាវ៉ាត់។
ក្រុមហ៊ុន Toyota នឹងវិនិយោគប្រហែល ៤០០ពាន់លានយ៉េន ឬ ២,៨៨ពាន់លានដុល្លារ ទៅលើរោងចក្រ Toyota និង Prime Planet Energy & Solutions Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Panasonic Holdings Corp រោងចក្រនៅភាគខាងលិចទីក្រុង Himeji ប្រទេសជប៉ុន។ ហើយទឹកប្រាក់ប្រហែល ២,៥ ពាន់លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងក្រុមហ៊ុន Toyota Battery Manufacturing នៅ North Carolina។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោកកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតអាគុយ និងរថយន្តអគ្គិសនី ក្នុងការប្រឈមមុខជាមួយបទប្បញ្ញត្តិបរិស្ថានដ៏តឹងរ៉ឹង៕