Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក ដែលមានដើមកំណើតចេញពីទីក្រុងឌូបៃ សហភាពអារ៉ាប់រួម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៥ ដែលរហូតមកដល់បច្ចុប្បន្នបានដំណើរការ និងបម្រើសេវាកម្មអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។

ដំណើរដើមទងនៃភាពជោគជ័យរបស់ Emirates បានចាប់ផ្តើមជាមួយនឹងយន្តហោះជួល ២ គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) ជាមួយនឹងប្រាក់ដើមទុនតិចតួចបំផុត មុននឹងទទួលបានទុនវិនិយោគដំបូង ១០លានដុល្លារ ពីគ្រួសាររាជវង្សឌូបៃ។ កាលណោះមានប្រតិបត្តិការហោះហើរត្រឹមតែទៅកាន់ទីក្រុង Karachi និង Mumbai តែប៉ុណ្ណោះ។ Emirates ក៏ជាក្រុមហ៊ុនដែលបានសម្រេចចិត្តមិនទទួលយកការឧបត្ថម្ភពីរដ្ឋាភិបាលឡើយ ដោយជ្រើសរើសការឈរជើងក្នុងនាមជាអាជីវកម្មឯករាជ្យ ពឹងលើសមត្ថភាពប្រកួតប្រជែងដោយខ្លួនឯង។

Emirates ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបន្តបណ្តាក់ទុនយ៉ាងមហិមាទៅលើបច្ចេកវិទ្យាគ្រឿងចក្រទំនើបៗ ជាពិសេសយន្តហោះខ្នាតយក្សប្រភេទ Airbus A380 និង Boeing 777 ដើម្បីបង្កើតជាបណ្តាញហោះហើរដ៏រឹងមាំ និងផ្តល់នូវបទពិសោធន៍ដ៏ប្រណីតបំផុតដែលមិនធ្លាប់មានសម្រាប់អតិថិជន។

ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏មានប្រតិបត្តិការហោះហើរមកប្រទេសកម្ពុជា រាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០២៤ ដែលជាការបើកទ្វារតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ កាលពីខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនក៏មានជើងហោះហើរឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។

សព្វថ្ងៃ ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅកាន់គោលដៅជាង ១៥០ប្រទេស ជាមួយនឹងយន្តហោះជិត ២៧០គ្រឿងសម្រាប់ប្រតិបត្តិការ។ Emirates ដែលជាក្រុមហ៊ុនតូចមួយកាលពី ៤០ឆ្នាំមុន បានប្រែក្លាយខ្លួនទៅជា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេមួយក្នុងពិភពលោក ជាមួយនឹងយន្តហោះទំនើបបំផុត និងពោរពេញទៅដោយភាពប្រណិត។




