[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់ផ្ទាំងសូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូននឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។
រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។
ក្រុមហ៊ុនអះអាងថា នៅប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ ៧០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ។
Lightyear លើកឡើងថាប្រសិនបើអ្នកបើកបរប្រើរថយន្តជាមធ្យមប្រមាណ ៣៥គីឡូម៉ែត្រក្នុងមួយឆ្នាំ នោះរថយន្តអាចបន្តបើកបរបានរហូតដល់រយៈពេល៧ខែ ទើបត្រូវការសាកភ្លើងម្ដង នេះសម្រាប់ប្រភេទដែលមានពន្លឺថ្ងៃច្រើន។ ចំណែកនៅហូឡង់វិញ អាចបើកបរបានរហូតដល់២ខែផងដែរ ប្រសិនបើរថយន្តចតចោលនៅទីធ្លាខាងក្រៅ។
ចំណុចដ៏អស្ចារ្យនេះដែរ ក៏មកជាមួយតម្លៃថ្លៃមហាសាលផងដែរ សម្រាប់រថយន្តអគ្គិសនី ដោយក្រុមហ៊ុននិយាយថា Lightyear 0 នឹងមានតម្លៃចាប់ពីប្រមាណ ២៦៣ ២៤០ដុល្លារ ហើយក្រុមហ៊ុននឹងផលិតលក់ត្រឹម ៩៤៦គ្រឿង ប៉ុណ្ណោះ។
យ៉ាងណាក្ដី ក្រុមហ៊ុនក៏មានផែនការផលិតរថយន្តដែលមានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ សម្រាប់ទីផ្សារធំផងដែរ ដោយគ្រោងចាប់ផ្ដើមការផលិតនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕