[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានរាយការណ៍ពីកំណើននៃការលក់រថយន្តអគ្គិសនីដែលកើនរហូតដល់ ២២២% កាលពីខែឧសភាកន្លងទៅ បើប្រៀបទៅនឹងតួលេខកាលពីខែឧសភា ឆ្នាំ២០២១។
ជោគជ័យដ៏គួរឲ្យកត់សម្គាល់នេះគឺដោយសារតែរថយន្ត Mustang Mach E ហើយសរុបជារួម Ford អាចលក់រថយន្តអគ្គិសនីសុទ្ធបានចំនួន ៥ ១៧៩គ្រឿង។ តួលេខរបស់ Ford បានបង្ហាញដែរថា Tesla Model Y ដែលជាគូប្រជែងរបស់ Ford Mustang Mach E មានកំណើនការលក់ ១៦៦% ធៀបនឹងតួលេខឆ្នាំមុន។
ជាលទ្ធផលនៃការលក់ប្រចាំខែឧសភានេះ បានជួយឲ្យ Ford ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរ នៅពីក្រោយតែ Tesla ប៉ុណ្ណោះ។
តួលេខប្រចាំខែឧសភាសម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញដែរថារថយន្ត F-150 Lightning មានចំនួនលក់ ២០១គ្រឿង ខណៈដែលរថយន្ត E-Transit លក់ចេញបានចំនួន៨៧៤គ្រឿង៕